(855) 17 66 89 41 | (855) 96 73 51 736

ចំណេះដឹងទូទៅអំពីជំងឺស្រេ្តសក្រោយការប៉ះទង្គិចផ្លូវចិត្ត

ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត គឺជាជំងឺផ្លូវចិត្តដែលអាចកើតមានចំពោះមនុស្សដែលបានជួបប្រទះ ឬបានឃើញហេតុការណ៍ដ៏តក់ស្លុត ដូចជាគ្រោះធម្មជាតិ គ្រោះថ្នាក់ធ្ងន់ធ្ងរ អំពើភេរវកម្ម ការប្រយុទ្ធគ្នាក្នុងសង្គ្រាម ការចាប់រំលោភ ឬត្រូវបានគំរាមកំហែងដល់ការស្លាប់ អំពើហិង្សាខាងផ្លូវភេទ ឬរបួសធ្ងន់ធ្ងរ។ រោគសញ្ញារបស់ PTSD អាចចាប់ផ្តើមភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍ ឬច្រើនខែ ឬច្រើនឆ្នាំក្រោយមក។

យោងទៅតាម DSM-5 Checklist យើងអាចរៀនយល់ដឹង ពីរោគសញ្ញាទាំងនេះ និងស្វែងរកការព្យាបាលប្រកបដោយប្រសិទ្ធភាព៖ 

  1. មនុស្សម្នាក់ត្រូវបានប៉ះពាល់ដោយព្រឹត្តិការណ៍ដ៏គួរឱ្យតក់ស្លុត – ការស្លាប់ឬការគំរាមកំហែងដល់ការស្លាប់ របួសធ្ងន់ធ្ងរ ឬការរំលោភបំពានផ្លូវភេទ។
  2. មនុស្សម្នាក់មានបទពិសោធន៍យ៉ាងហោចណាស់មួយនៃរោគសញ្ញារំខានដូចខាងក្រោម:
  • ការចងចាំដដែលៗ មិនអាចគ្រប់គ្រងបាន និងពិបាកចិត្ត
  • សុបិន្តដែលទាក់ទងនឹងរបួសម្តងហើយម្តងទៀត
  • បទពិសោធន៍ដែលមិនទាក់ទងគ្នាដូចជា រឿងរ៉ាវ​ ឬឧប្បត្តិហេតុពីអតីតកាលកើតឡើងម្តងទៀតយ៉ាងរស់រវើកក្នុងចិត្ត
  • មានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលប៉ះពាល់នឹងសញ្ញាដែលទាក់ទងនឹងរបួស
  • បញ្ចេញប្រតិកម្មរាងកាយនៅពេលរំលឹកពីព្រឹត្តិការណ៍
  1. បុគ្គលបន្តជៀសវាងការរំញោចដែលទាក់ទងនឹងរបួស
  2. មនុស្សម្នាក់ជួបប្រទះការផ្លាស់ប្តូរអវិជ្ជមាននៅក្នុងការយល់ដឹង និងអារម្មណ៍ដែលទាក់ទងនឹងជំងឺផ្លូវចិត្ត ដូចជាមិនអាចចងចាំលក្ខណៈសំខាន់ៗនៃព្រឹត្តិការណ៍ ឬជួបប្រទះនូវអារម្មណ៍អវិជ្ជមានដដែលៗ។
  3. បុគ្គលបង្ហាញការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងការរើបម្រាស់ និងប្រតិកម្មដូចជា ការប្រុងប្រយ័ត្នហួសហេតុ ការឆ្លើយតបដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំង ឬការរំខានដំណេក។
  4. មនុស្សម្នាក់ជួបប្រទះនូវទុក្ខព្រួយ ឬចុះខ្សោយខ្លាំង ដោយរោគសញ្ញាមានរយៈពេលលើសជាងមួយខែ។

ការព្យាបាល PTSD៖

ការព្យាបាលអាចមានលក្ខណៈប្រែប្រួលអាស្រ័យលើប្រភទជំងឺផ្លូវចិត្តដែលគាត់ជួបប្រទះ។ គោលដៅសម្រាប់ការព្យាបាលគឺដើម្បីបញ្ចប់ប្រតិកម្មស្ត្រេស ទទួលបានទស្សនៈលើបទពិសោធន៍ដ៏ឈឺចាប់ និងត្រលប់ទៅការរស់នៅបែបធម្មតា។

ការព្យាបាលចិត្តសាស្ត្រ/ការព្យាបាលការពិភាក្សា (ក៏អាចរួមបញ្ចូលថ្នាំផងដែរ)៖ ការព្យាបាលចិត្តសាស្ត្រនេះនឹងបង្រៀនជំនាញមួយចំនួនដើម្បីឱ្យអ្នកគិតកាន់តែច្បាស់អំពីខ្លួនអ្នក អ្នកដទៃ និងពិភពលោក។ ការព្យាបាលនេះអាចជួយមនុស្សម្នាក់កំណត់អត្តសញ្ញាណ និងផ្លាស់ប្តូរអារម្មណ៍ គំនិត និងអាកប្បកិរិយាដែលមានបញ្ហា។

ការព្យាបាលដោយការយល់ដឹងតាមអាកប្បកិរិយា (CBT)៖ CBT នេះគឺជាការព្យាបាលប្រកបដោយប្រសិទ្ធភាពទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ ការព្យាបាលនេះនឹងជួយផ្តោតលើព្រឹត្តិកាណ៍ដ៏ឈឺចាប់ដែលគាត់/នាងជួបប្រទះដូចជា​ របៀបនៃការគិត ជំនឿ និងអាកប្បកិរិយារបស់យើងប៉ះពាល់ដល់អារម្មណ៍ និងសកម្មភាពរបស់យើង។ CBTបង្រៀនយើងនូវជំនាញទប់ទល់មួយចំនួនសម្រាប់ការដោះស្រាយបញ្ហាផ្សេងៗ។

ហេតុអី្វការលេងដោយញាណមានសារៈសំខាន់សម្រាប់កុមារ?

តាំងពីកំណើតរហូតដល់កុមារភាព កុមារប្រើញ្ញាណរបស់ពួកគេដើម្បីស្វែងយល់ និងព្យាយាមបង្កើតការយល់ដឹងអំពីពិភពលោកជុំវិញពួកគេ តាមរយៈការប៉ះ ភ្លក់ ក្លិន ការមើលឃើញ ចលនា និងការស្តាប់។

ខួរក្បាលរបស់កុមារត្រូវការ ការជំរុញឱ្យស្វែងរកបទពិសោធន៍ថ្មីៗ និងរៀនអ្វីថ្មីៗ ដែលទាំងអស់នេះ គឺជាថាមពលសម្រាប់ការលូតលាស់ខួរក្បាល។

 

អី្វការលេងដោយ ការគូរម្រាមដៃ (Finger-painting) ដីឥដ្ឋ ខ្សាច់ ភក់​ ។ល។ មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍របស់កុមារ?

នៅពេលកុមារចូលរួមក្នុង Sensory Play ពួកគេប្រើញ្ញាណទាំងអស់របស់ពួកគេដើម្បីលេង។ ដែលទាំងនេះជំរុញកុមារលើសមត្ថភាពនៃញ្ញាណរបស់គេ ក្នុងការដំណើរការព័ត៌មានដែលវាទទួលបានតាមរយៈការប៉ះ ភ្លក់រសជាតិ ក្លិន ការស្តាប់ និងការមើលឃើញ។ ការលេងទាំងនេះជាផ្នែកមួយនៃគណិតវិទ្យា រួមជាមួយនឹងភាសា និងវាក្យសព្ទ។ ការលេងបែបរញ៉េរញ៉ៃ(Mess play)  អាចធ្វើឱ្យកុមារស្ងប់ ដែលវាមិនមែនគ្រាន់តែជាការធ្វើឱ្យរញ៉េរញ៉ៃ និងកខ្វក់ប៉ុណ្ណោះទេ។ Sensory Play ជាសមាសធាតុសំខាន់មួយក្នុងការរៀនដែលលើកទឹកចិត្តកុមារឱ្យមានការរុករក និងស្វែងយល់ពីបទពិសោធន៍ថ្មីៗតាមរយៈការលេង។ 

នេះ​ជា​មូលហេតុ​ដែល​ Sensory Play ​មាន​សារៈសំខាន់​ សម្រាប់​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​កូន​អ្នក៖

  • ការលេងដោយប្រើការប៉ះ ការមើលឃើញ ការស្តាប់ រសជាតិ និងក្លិន ជួយបង្កើតជំនាញនៃការយល់ដឹង (cognitive skills)
  • កុមាររៀនដោយប្រើញ្ញាណច្រើនក្នុងពេលដំណាលគ្នា។
  • ការលេងតាម Sensory គឺជាមូលដ្ឋានគ្រឹះនៃជំនាញទាំងអស់ដែលកុមារនឹងប្រើប្រាស់នៅក្នុងសាលា នៅពេលដែលពួកគេរៀនអាន សរសេរ និងដោះស្រាយបញ្ហាគណិតវិទ្យា។

Why is Sensory Play so Important?

Sensory Activities and Toys to Help Your Young Child’s Brain Development

តើគួរបង្រៀនកូនបែបណាដើម្បីពួកគេស្រឡាញ់ការអាន?

ការអានដូចជាការបើកទ្វារដើម្បីធ្វើដំណើរផ្សងព្រេង រៀនអ្វីថ្មីៗ និងជំនាញភាសាសំខាន់ៗជាច្រើន ដូចជា ការអភិវឌ្ឍន៍ការនិយាយ (Speech development) និងការកសាងវាក្យសព្ទ (Vocabulary building)។ ការចំណាយពេលវេលាជាមួយសៀវភៅក៏បង្កើតឱកាសពិសេសសម្រាប់អ្នកដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយកូនរបស់អ្នក និងរីករាយជាមួយគ្នាទៅវិញទៅមក។

ត្រឹមតែ 10 ទៅ 15 នាទី ក្នុងមួយថ្ងៃជាមួយសៀវភៅ គឺគ្រប់គ្រាន់ដើម្បីជំរុញចំណាប់អារម្មណ៍របស់កូនតូចរបស់អ្នក។ 

សូមអានបន្តសម្រាប់គន្លឹះសំខាន់ៗរបស់យើងក្នុងការជំរុញឱ្យកុមារស្រលាញ់សៀវភៅ៖

ចាប់ផ្តើមភ្លាមៗ

ការអានជាមួយទារកទើបនឹងកើតជួយផ្តល់ឱ្យពួកគេនូវការចាប់ផ្តើមដ៏ល្អបំផុតក្នុងជីវិត។ ទារករៀនភាសាពីមនុស្សពេញវ័យដែលនិយាយដដែលៗ និងអានពាក្យទៅពួកគេ។ នៅពេលអ្នកកំពុងអាន សំឡេងរបស់អ្នកជួយផ្តល់អត្ថន័យដល់អក្សរ និងរូបភាពដែលទារកកំពុងឃើញ។ ​

ចូរចាំថា កុមារគួររៀនស្រឡាញ់សៀវភៅ មុនពេលពួកគេចូលចិត្តរៀនអាន។ 

គំរូរបស់កុមារក្នុងការរៀនអាន

វាជារឿងសំខាន់សម្រាប់កុមារក្នុងការមើលថា ការអានជាអ្វីដែលសប្បាយ និងរីករាយក្នុងការធ្វើ ជាជាងកិច្ចការ ឬលំហាត់ពិបាក។ ប្រសិនបើ កូនរបស់អ្នកឃើញអ្នកអានញឹកញាប់ វាទំនងជាលើកទឹកចិត្តពួកគេក្នុងការស្រលាញ់សៀវភៅ។ នេះក៏នឹងជួយកុមារកាត់បន្ថយពេលមើលអេក្រង់ទូរស័ព្ទ ឬ Ipad ផងដែរ។

ផ្លាស់វេនក្នុងការអាន

ប្រសិនបើ កុមារស្ថិតក្នុងដំណាក់កាលដំបូងក្នុងការរៀនអាន អ្នកអាចជួយកុមារដោយអោយពួកគេ ចង្អុលទៅលើតួអក្សរ និងពាក្យដែលពួកគេស្គាល់។ បន្ទាប់មកផ្លាស់វេនប្តូរជាមួយកុមារអានប្រយោគខ្លីៗ។ នៅពេលអ្នកកំពុងអាន អ្នកអាចសួរកុមារពីអី្វដែលអ្នកអាន ដូចជា “អ្នកកូនគិតថាមានអី្វកើតឡើងបន្ទាប់ទៀត?” “ហេតុអី្វកូនគិតថាដំរីធ្វើបែបនោះ?”

ពេលវេលាដែលអ្នកចំណាយពេលអានជាមួយកុមារ និងអានលឺៗនឹងជួយបង្កើតទំនុកចិត្តកុមារក្នុងការនិយាយ ហើយនឹងពង្រឹងនូវអ្វីដែលកុមារបានរៀន។

ចំណាយពេលដើម្បីស្តាប់កុមារ

យកចិត្តទុកដាក់លើចំណូលចិត្តរបស់កុមារ ប្រសិនបើកុមារមានចំណាប់អារម្មណ៍ពិសេសទៅលើអី្វមួយ ដូចជា ដាយណូស័រ Disney Princess ។ល។ ការស្វែងរកអី្វដែលជាចំណាប់អារម្មណ៍កុមារ នឹងជួយពង្រឹង និងធ្វើអោយពួកគេយកចិត្តទុកដាក់ក្នុងការអាន។ 

រៀនបង្កើតទម្លាប់ 

អ្នកអាចបង្កើតទម្លាប់អានជាមួយកុមារដោយធ្វើអោយអានការជាសកម្មភាពដែលសប្បយរីករាយប្រចាំថ្ងៃ។ ពេលអ្នកនៅជាមួយកុមារត្រូវប្រាកដចិត្តថាអ្នកមិនបានចំណាយពេលលើទូរស័ព្ទ ឬទូរទស្សន៍។ 

ដំណាក់កាលសំខាន់ៗក្នុងការអាន

កុមារម្នាក់ៗអាចមានដំណាក់កាលលូតលាស់ផ្សេងៗគ្នា ខាងក្រោមនេះជាដំណាលកាលសំខាន់ៗដែលអ្នកអាចសង្កេតលើទៅការអភិវឌ្ឍន៍ជំនាញនៃការអានរបស់កុមារ៖

ការកើត – ១៨ខែ

  • យល់ពីឃ្លាសាមញ្ញមួយចំនួន
  • សំឡឹងទៅសៀវភៅ និងព្យាយាមបើកទំព័រសៀភៅ
  • និយាយត្រាប់តាម
  • កុមារអាយុជាង ១ឆ្នាំអាចនិយាយពាក្យមួយម៉ាត់ៗ ឬច្រើនជាងមួយ

១៨ខែ – ៣ឆ្នាំ

  • អាចនិយាយ ២៥០ – ៣៥០ពាក្យ​ នៅអាយុ​ ២ឆ្នាំ និង ៨០០ – ១០០០ពាក្យ នៅអាយុ៣ឆ្នាំ
  • និយាយប្រយោគខ្លីៗចេញពីសៀវភៅ
  • និយាយត្រាប់តាមមនុស្សធំ
  • ស្នើសុំមនុស្សឱ្យអាន

៣ឆ្នាំ -​ ៥ឆ្នាំ

  • ចងចាំតួអក្ស ពាក្យ និងព្យាយាមរៀនសរសសេរ
  • កាន់សៀវភៅអានត្រឹមត្រូវ
  • ស្គាល់ពីចង្វាក់ភ្លេងក្នុងចំរៀង
  • និយាយប្រយោគបានត្រឹមត្រូវ
  • រៀនពីសៀវភៅបានច្រើនតាមរយៈការអានលឺៗ

https://www.unicef.org/parenting/child-care/teach-your-child-to-love-reading

ការលូតលាស់ខួរក្បាលរបស់កុមារស្ថិតក្នុងអាយុ​ ២ឆ្នាំ ដល់៧ឆ្នាំ (ជាដំណាក់កាលលូតលាស់សំខាន់)

ខួរក្បាលរបស់កុមារវិវឌ្ឍន៍ទៅក្នុងគ្រាដ៏សំខាន់ ។ លើកទីមួយកើតឡើងនៅអាយុ ២ ឆ្នាំ និងលើកទី ២ កើតឡើងក្នុងវ័យជំទង់។ នៅពេលចាប់ផ្តើមនៃរយៈពេលទាំងនេះចំនួននៃការតភ្ជាប់ (synapses) រវាងកោសិកាខួរក្បាល (ណឺរ៉ូន) កើនឡើងទ្វេដង។ ក្មេងអាយុពីរឆ្នាំមាន Synapses ពីរដងច្រើនជាងមនុស្សពេញវ័យ។ ដោយសារតែការតភ្ជាប់ទាំងនេះរវាងកោសិកាខួរក្បាលគឺ ជាកន្លែងដែលការរៀនសូត្រកើតឡើងទ្វេដងដែលធ្វើឱ្យខួរក្បាលរបស់កុមារអាចរៀនបានលឿនជាងពេលណាទាំងអស់នៃជីវិត។ ដូច្នេះបទពិសោធន៍របស់កុមារនៅក្នុងដំណាក់កាលនេះមានឥទ្ធិពលយូរអង្វែងទៅលើការអភិវឌ្ឍន៍របស់ពួកគេ។

រយៈពេលដ៏សំខាន់ដំបូងនៃការអភិវឌ្ឍន៍ខួរក្បាលរបស់កុមារ គឺចាប់ផ្តើមនៅអាយុ ២ ឆ្នាំ និងបញ្ចប់នៅអាយុ ៧ ឆ្នាំ។ ក្នុងកំឡុងពេលដែលកុមារកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់ដ៏សំខាន់នេះមាន កត្តាបួនយ៉ាងដើម្បីអ្នកអាចផ្តោតជាមួយកុមារ រួមមាន ការលើកទឹកចិត្ត ការស្រឡាញ់ ផ្តោតលើភាពខ្លាំង ការយកចិត្តទុកដាក់ចំពោះផ្លូវចិត្តរបស់កុមារ។

អ្នកអប់រំ និងឪពុកម្តាយអាចសង្កត់ធ្ងន់លើភាពរីករាយនៃការសាកល្បងសកម្មភាពថ្មីៗ និងការរៀនអ្វីដែលថ្មី។ យើងត្រូវជួយកុមារឱ្យយល់ថាការធ្វើអោយមាន  “កំហុស” គឺជារឿងកើតឡើងធម្មតា និងជាផ្នែកមួយនៃការរៀនសូត្ររបស់ពួកយើង ។

ស្ថិតក្នុងដំណាក់កាលដ៏សំខាន់នេះ ខួរក្បាលកុមារអាចស្រូបយកព័ត៌មានជាច្រើន។​ ការស្រាវជ្រាវបង្ហាញថា កុមារដែលស្ថិតក្នុងវ័យនេះគឺ សាកសមបំផុតក្នុងការអភិវឌ្ឍន៍ភាសាដែលអាចឱ្យពួកគេអាចភាសាទីពីរបានល្អដូចទៅនឹងភាសាកំណើត។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលកុមារឈានដល់អាយុ ៨ ឆ្នាំ សមត្ថភាពក្នុងការរៀនភាសារបស់ពួកគេ មានការថយចុះ ហើយភាសាទីពីរមិនត្រូវបានគេនិយាយក៏ដូចជាភាសាដើមឡើយ។ 

https://www.edutopia.org/article/why-ages-2-7-matter-so-much-brain-development?fbclid=IwAR3hT2MrtJFZ2JKszMWujtmY5DRa0D2XcQvJYLi2Zjhd1tv0TgiRQjBb-XM

 

ហេតុអី្វការលេងរបស់កុមារជាកត្តាសំខាន់?

អាណាព្យាបាលត្រូវស្វែងយល់អោយបានត្រឹមត្រូវទាក់ទងនឹងសារៈសំខាន់នៃរបៀប ដែលកុមាររៀនតាមរយៈការលេង។ 

ការលេងជាកត្តាសំខាន់ដែលជួយអោយកុមាររៀនស្វែងយល់ និងមានការលូតលាស់ផ្នែកបញ្ញាស្មារតី ។ វាជួយអោយកុមារកសាងតម្លៃខ្លួនឯង តាមរយះការផ្តល់អោយកុមារនូវសមត្ថភាព និងបង្កើនអារម្មណ៍ល្អៗ និងបង្កើនទំនុកចិត្តលើខ្លួនគេ។​

ការលេងពិតជាមានសារះសំខាន់សម្រាប់ការអភិវឌ្ឍរបស់កុមារ 

វាជាផ្នែកសំខាន់មួយនៃដំណាក់កាល លូតលាស់ដំបូងរបស់កុមារ និងគាំទ្រដល់ដំណើរសិក្សារបស់ពួកគេទៅថ្ងៃអនាគតផងដែរ។ 

កុមារតូចៗអាចអភិវឌ្ឍជំនាញជាច្រើន តាមរយៈការលេង។ ពួកគេអាចអភិវឌ្ឍទៅលើជំនាញភាសា អារម្មណ៍ ការច្នៃប្រឌិត និងជំនាញសង្គម។ ការលេង ជួយអោយកុមារមានការស្រមើស្រមៃ និងផ្តល់ឱ្យកុមារនូវការផ្សងព្រេងផងដែរ។ តាមរយៈនេះ ពួកគេអាចរៀនជំនាញសំខាន់ៗ ដូចជាការដោះស្រាយបញ្ហា ការធ្វើការជាមួយអ្នកដទៃ ការចែករំលែក និងជំនាញជាច្រើនទៀត។

ការផ្តល់ឱ្យកុមារនូវប្រដាប់ប្រដាក្មេងលេងជាច្រើន នឹងជួយពួកគេឱ្យរៀនតាមវិធីមួយចំនួន:

  • ការលេងចាក់ដីខ្សាច់ និងទឹក អាចជាដំណាក់កាលដំបូងដែលជួយអោយកុមារស្វែងយល់ពីវិទ្យាសាស្ត្រ និងគណិតវិទ្យា ។ ឧទាហរណ៍ កុមារអាចស្វែងយល់ថាទឹកជាអង្គធាតុរាវមិនរឹង ហើយវាអាចវាស់បានក្នុងកំប៉ុង ឬដីខ្សាច់អាចធើ្វជារូបរាង ឬទំហំផ្សេងៗគ្នា។
  • ការលេងដីឥដ្ឋ គូររូបគំនូរ និងលាបពណ៍ ការលេងស្លៀកពាក់ លេងជាមួយកូនតុក្កតា អាចជំរុញឱ្យមានការច្នៃប្រឌិត ការស្រមើលស្រមៃ និងការបង្ហាញអារម្មណ៍។
  • ការលេងជា Blocks ជួយអោយកុមារអាចកំណត់បាននូវលក្ខណះខុសគ្នានៃរូបរាង ទំហំ និងការរៀបតាមលំដាប់លំដោយ
  • លេងបាល់ រាំ រត់ ការឡើង ទាំងអស់នេះជួយអភិវឌ្ឍចលនារាងកាយ កម្លាំង ភាពបត់បែន និងជំនាញសម្របសម្រួល។
  • តាមរយះការលេងនេះជួយកុមារអោយចេះផ្លាស់ប្តូរវេន ចែករំលែកជាមួយអ្នកដទៃ
  • ការច្រៀង លេងឧបករណ៍ភ្លេងសាមញ្ញ ជួយអភិវឌ្ឍ ការស្តាប់នូវចង្វាក់ភ្លេង និងលឺ។

វាសំខាន់ណាស់ដែលការរៀនសូត្រតម្រូវអោយមានភាពសប្បាយរីករាយចំពោះកុមារស្ថិតក្នុងវ័យនេះ។ វាចាំបាច់ផងដែរ ដែលអនុញ្ញាតអោយពួកគេធ្វើអិ្វដែលពួកគេចូលចិត្ត។ 

កុមាររៀនតាមរយៈញ្ញាណរបស់ពួកគេ ដោយការភ្លក់ ការប៉ះ ការមើល ការស្តាប់ និងការធុំក្លិន។ ពួកគេនឹងមើលអ្នកដែលនៅជុំវិញពួកគេ ហើយចម្លងភាសា និងអាកប្បកិរិយា។

ឪពុកម្តាយកុំដាក់សំពាធអោយកុមារខ្លាំងពេក ពីព្រោះកុមារនឹងអភិវឌ្ឍតាមវិធី និងតាមពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកក៏អាចលើកទឹកចិត្តដល់ការអាន តាមរយៈការអាន ជាមួយពួកគេផងដែរ។

Sarah Owen ជាអ្នករកឃើញ ‘Pyjama Drama’ – drama, music, movement and play for pre-school children បាននិយាយថា កុមារជាច្រើនហាក់ ដូចជាកើតមកមានសមត្ថភាពលេងធម្មជាតិ ប៉ុន្តែក្មេងខ្លះ យល់ថាការលេងជាការលំបាក ហើយត្រូវរៀនរបៀបលេងឱ្យបានល្អ ហើយនេះជាអី្វដែលឪពុកម្តាយអាចធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំ។ ទោះបីជាវាមានសារៈសំខាន់ដែលកុមារលេងជាមួយមិត្តភក្ដិរបស់ពួកគេ ហើយត្រូវបានផ្តល់ឱកាសសម្រាប់ការលេងជាមួយមនុស្សពេញវ័យ អាចជួយអោយកុមារមានការលូតលាស់យ៉ាងច្រើន។ 

ឪពុកម្តាយមានតួនាទី នៅក្នុងការលេង ដោយត្រូវចំនាយពេល និងកន្លែង។ អាព្យាបាលអាចគិតក្នុងការបង្កើតគំនិតលេង ដែលជួយគាំទ្រ និងពង្រីកការរៀនសូត្រ និងការអភិវឌ្ឍន៍របស់កុមារ។

ការលេងសំដែងតួ

ការលេងសដែងរឿង ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម (ឬអារម្មណ៍) របស់កុមារ ហើយអាចដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរាងកាយផងដែរ។ កុមារដឹងអំពីពិភពលោកដែលពួកគេរស់នៅដោយធ្វើសកម្មភាព មុនពេលកើតឡើង និងចម្លងអ្វីដែលពួកគេឃើញនៅជុំវិញខ្លួនរបស់ពួកគេ។ ការសំដែង រួមចំណែកដល់ការអភិវឌ្ឍផ្លូវចិត្តរបស់កុមារ ពួកគេរៀនមើលឃើញពីទស្សនៈខុសគ្នា ។

កុមារភាគច្រើន មានការស្រមើលស្រមៃពីធម្មជាតិ ហើយនឹងរីករាយនិយាយជាមួយនរណាម្នាក់តាមទូរស័ព្ទប្រដាប់ក្មេងលេងរបស់ពួកគេ ឬបើកសាឡុងធើ្វជាហាង ហើយការច្នៃប្រឌិតនេះគួរតែត្រូវបានលើកទឹកចិត្តយ៉ាងសកម្ម ដល់ការលេងប្រភេទនេះ បង្កើតការស្រមើលស្រមៃរបស់កុមារដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការអភិវឌ្ឍន៍បញ្ញា។

ការលេង​ និងការស្វែងយល់នៅពិភពខាងក្រៅ 

ការលើកទឹកចិត្តឱ្យកូនរបស់អ្នកស្វែងយល់ពីការលេងនៅខាងក្រៅ គឺពិតជាមានប្រយោជន៍ និងចាំបាច់សម្រាប់ការអភិវឌ្ឍរបស់ពួកគេ។ ការលេងនៅខាងក្រៅជួយឱ្យពួកគេរៀនសូត្របានច្រើនពីបរិយាកាសជុំវិញ ហើយផ្តល់ឱ្យពួកគេនូវឱកាសដើម្បីប្រើរាងកាយទាំងមូលរបស់ពួកគេ និងអភិវឌ្ឍជំនាញម៉ូតូ (Motor skill) របស់ពួកគេ។ វាអាចបំពេញតំរូវការអារម្មណ៍របស់ពួកគេ ហើយអាចផ្តល់ឱ្យពួកគេនូវសេចក្តីស្រឡាញ់ចំពោះមនុស្សនៅខាងក្រៅ។ មិនថាវាជាការលេងរញ៉េរញ៉ៃ ច្នៃប្រឌិត ឬការសម្តែងជាតួវាជាផ្នែកសំខាន់មួយនៃការរៀនសូត្រ។

https://www.familylives.org.uk/advice/early-years-development/learning-and-play/why-play-matters/

អី្វជាវិបតិ្តអាកប្បកិរិយា?

វិបតិ្តអាកប្បកិរិយា គឺជាក្រុមនៃបញ្ហាអាកប្បកិរិយា និងអារម្មណ៍ ដែលជាធម្មតា ចាប់ផ្តើមក្នុងវ័យកុមារភាព ឬវ័យជំទង់។ កុមារ និងវ័យជំទង់ ដែលមានជំងឺនេះ គឺមានការលំបាកក្នុងជាមួយអាកប្បកិរិយារបស់គេនៅក្នុងសង្គម។ 

ពួកគេអាចបង្ហាញអាកប្បកិរិយា មិនសមរម្យ បំផ្លិចបំផ្លាញ និងបោកបញ្ឆោត រំលោភលើសិទ្ធិរបស់អ្នកដទៃ។ អ្នកដទៃនឹងមើលមកពួកគេថាជាមនុស្សមិនល្អ ជាជាងយល់ថាពួកគេមានជំងឺ។

រោគសញ្ញាវិបត្តិអាកប្បកិរិយា

ជាធម្មតាកុមារមានវិបត្តិអាកប្បកិរិយា​ គឺមានការពិបាកក្នុងការគ្រប់គ្រងអាកប្បកិរិយា និងពិបាកសមស្របខ្លួនក្នុងសង្គម។ ពួកតែងប្រព្រឹត្តិអំពើ ឬសំដែងចេញនូវអាកប្បកិរិយា ដោយមិនមានការគិតគ្រប់ជ្រុងជ្រោយ និងមិនបានគិតពីផលពិបាកនៃសកម្មភាពរបស់ពួកគេ ទេ។ ពួកគេក៏មិនគិតពីអារម្មណ៍របស់អ្នកដទៃដែរ។ ពួកគេអាចមានបញ្ហា ប្រសិនបើពួកគេបង្ហាញអាកប្បកិរិយា ដូចខាងក្រោមមួយ ឬច្រើន៖   ​

  • អាកប្បកិរិយាឈ្លានពាន ឬបង្កហេតុអាក្រក់
  • បោកបញ្ឆោត
  • អាកប្បកិរិយាបំផ្លិចបំផ្លាញ
  • បំពានច្បាប់

អាកប្បកិរិយាឈ្លានពាន ឬបង្កហេតុអាក្រក់អាចរួមបញ្ចូលនូវ

  • បំភិតបំភ័យឬសម្លុតអ្នកដទៃ
  • ប៉ះពាល់ដល់រាងកាយអ្នកដទៃ ឬសត្វដោយចេតនា
  • រំលោភសេពសន្ថវៈ
  • ប្រើប្រាស់អាវុធ

ការបោកបញ្ឆោត 

  • ការកុហក
  • លួច
  • ការក្លែងបន្លំ

អាកប្បកិរិយាបំផ្លិចបំផ្លាញ

ការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា។

ការបំពានច្បាប់

  • គេចសាលា
  • រត់ចេញពីផ្ទះ
  • ប្រើប្រាស់គ្រឿងញៀន និងផឹកគ្រឿងស្រវឹង
  • មានចំណង់ផ្លូវភេទនៅវ័យក្មេង

ក្មេងប្រុសដែលមានវិបតិ្តអាកប្បកិរិយា ទំនងជាមានអាកប្បកិរិយាបង្កហេតុអាក្រក់ និងបំផ្លាចបំផ្លាញច្រើនជាងក្មេងស្រី ។ ចំពោះក្មេងស្រីមានអាកប្បកិរិយាបោកប្រាស់ និងរំលោភបំពានច្បាប់។ 

លើសពីនេះរោគសញ្ញានៃវិបត្តិអាកប្បកិរិយា អាចមានកំរិត ស្រាល មធ្យម ឬធ្ងន់ធ្ងរ៖

កំរិតស្រាល

ប្រសិនបើ កូនរបស់អ្នកមានរោគសញ្ញាក្នុងកំរិតស្រាល មានន័យថា ពួកគេបង្ហាញនូវបញ្ហាអាកប្បកិរិយាតិចតួច ។ បញ្ហានៃការប្រព្រឹត្តបង្កឱ្យមានគ្រោះថ្នាក់តិចតួចដល់អ្នកដទៃ។ បញ្ហាទូទៅរួមមាន ការនិយាយកុហក គេចសាលារៀន និងគេចពីផ្ទះនៅពេលយប់។

កំរិតមធ្យម 

កុមារសំដែងចេញនូវបញ្ហាអាកប្បកិរិយាច្រើន វិបត្តិទាំងនោះអាចមានពីកំរិតស្រាល ទៅធ្ងន់ធ្ងរ ហើយប៉ះពាល់ដល់អ្នកដទៃ។ បញ្ហាទាំងនោះរួមមាន ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងការលួច។

កំរិតធ្ងន់ធ្ងរ 

ពួកគេបង្ហាញបញ្ហាអាកប្បកិរិយាលើសពីអ្វីដែលត្រូវការដើម្បីធ្វើរោគវិនិច្ឆ័យ។ បញ្ហានៃការប្រព្រឹត្តទាំងនេះបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ បញ្ហាអាចរួមមាន ការចាប់រំលោភ ការប្រើអាវុធខុសច្បាប់។

តើវិបត្តិអាកប្បកិរិយាបណ្តាលមកពីមូលហេតុអី្វ?

ក្នុងនោះមានកត្តាហ្សែន និងបរិស្ថានជុំវិញ អាចរួមចំណែកដល់ការវិវត្តនៃវិបត្តិអាកប្បកិរិយា។

កត្តាហ្សែន 

ការបំផ្លាញផ្នែកខាងមុខនៃខួរក្បាល ត្រូវបានផ្សារភ្ជាប់ទៅនឹងវិបត្តិអាកប្បកិរិយា។ ផ្នែកខួរក្បាលខាងមុខ គឺជាផ្នែកមួយគ្រប់គ្រងជំនាញការយល់ដឹងសំខាន់ៗ ដូចជាការដោះស្រាយបញ្ហា ការចងចាំ និងការបង្ហាញនូវចិត្តរំភើប។ ខួរក្បាលខាងមុខវាក៏ជាផ្នែកនៃបុគ្គលិកលក្ខណៈរបស់អ្នកផងដែរ។ ខួរក្បាលផ្នែកខាងមុខ ចំពោះមនុស្សដែលមានវិបត្តិអាកប្បកិរិយា អាចមិនដំណើរការត្រឹមត្រូវ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់

  • កង្វះនៅការគ្រប់គ្រងសន្ទុះចិត្ត
  • ការកាត់បន្ថយសមត្ថភាពក្នុងការធ្វើផែនការសកម្មភាពនាពេលអនាគត
  • ការថយចុះសមត្ថភាពក្នុងការរៀនពីបទពិសោធន៍អវិជ្ជមានកន្លងមក

ការចុះខ្សោយនៃផ្នែកខួរក្បាលខាងមុខអាចជាហ្សែន ឬវាអាចបណ្តាលមកពីគ្រោះថ្នាក់ ឬរបួសណាមួយ។ 

កត្តាបរិស្ថានជុំវិញ 

កត្តាបរិស្ថានជុំវិញដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពវិបតិ្តអាកប្បកិរិយារួមមាន៖

  • ការ​រំលោភបំពាន​លើ​កុមារ
  • ស្ថិតក្នុងគ្រួសារដែលឈ្លោះប្រកែកគ្នា
  • មានឪពុកម្តាយដែលប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង
  • គ្រួសារក្រីក្រ

សម្រាប់បុគ្គលដែលមានវិបតិ្តអាកប្បកិរិយា តើនរណាដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃច្រើនជាង?

  • ជាមនុស្សប្រុស
  • បុគ្គលដែលរស់នៅក្នុងទីក្រុង
  • បុគ្គលដែលរស់នៅក្នុងភាពក្រីក្រ
  • រស់នៅក្នុងគ្រួសារដែលធ្លាប់មានវិបត្តិអាកប្បកិរិយា
  • រស់នៅក្នុងគ្រួសារដែលធ្លាប់មានជំងឺផ្លូវចិត្ត
  • បុគ្គលដែលកំពុងមានជំងឺផ្លូវចិត្តផ្សេងៗ
  • មានឪពុកម្តាយដែលប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង
  • រស់នៅក្នុងមជ្ឈដ្ឋានដែលមានការឈ្លោះប្រកែកគ្នា
  • ធ្លាប់មានបទពិសោធន៍ជួបនូវគ្រោះថ្នាក់រន្ធត់
  • បុគ្គលដែលទទួលរងនូវអំពីហិង្សា

ការព្យាបាល

​ប្រសិនកុមារដែលមានវិបត្តិអាកប្បកិរិយារស់នៅក្នុងផ្ទះដែលមានការរំលោភបំពាន គេអាចនឹងអោយកុមារប្តូរទៅកន្លែងផ្សេង។ ប្រសិនបច្ចុប្បន្នមិនមានការរំលោភបំពានទេ អ្នកផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តនឹងប្រើវិធីព្យាបាលអាកប្បកិរិយា ឬវិធីព្យាបាលការនិយាយ ដើម្បីជួយកុមាររៀនពីរបៀបបង្ហាញ ឬគ្រប់គ្រងអារម្មណ៍របស់ពួកគេឱ្យបានសមរម្យ។ អ្នកផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តនឹងបង្រៀនអ្នកពីវិធីសាស្រ្តក្នុងការគ្រប់គ្រងអាកប្បកិរិយាកូនរបស់អ្នក។ ប្រសិនកុមារមានជំងឺផ្សេងៗទៀតដូចជា ធ្លាក់ទឹកចិត្ត ឬ ADHD អ្នកផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តអាចចេញវេជ្ជបញ្ជាអោយប្រើថ្នាំសំរាប់ព្យាបាលជម្ងឺនោះផងដែរ។

ដើម្បីបង្កើតឥរិយាបថ និងគំរូអាកប្បកិរិយាថ្មីៗដល់កុមារ ដែលមានវិបត្តិអាកប្បកិរិយា ជាធម្មតាត្រូវការការព្យាបាលរយៈពេលវែង។ ទោះជាយ៉ាងណាក៏ដោយការព្យាបាលទាន់ពេលវេលាអាចកាត់បន្ថយការវិវត្តនៃជំងឺ ឬកាត់បន្ថយភាពធ្ងន់ធ្ងរនៃអាកប្បកិរិយាអវិជ្ជមានរបស់កុមារ។

 

https://www.healthline.com/health/conduct-disorder

តើភាពពិការរបស់កុមារគឺជាអី្វ?

មនុស្សពិការមិនអាចបំពេញមុខងារមួយចំនួនក៏ ដូចជាមុខងារផ្សេងទៀតបានទេ។ ពិការភាពអាចជាពិការផ្នែករាងកាយ វាអាចទាក់ទងនឹងអារម្មណ៍ ដូចជាការមើលឃើញ ឬការស្តាប់  វាអាចពាក់ព័ន្ធនឹងអសមត្ថភាពក្នុងការគិតឱ្យបានច្បាស់ ឬវាអាចទាក់ទងនឹងសុខភាពផ្លូវចិត្ត។

  • ភាពពិការជារឿងធម្មតា ប្រហែល ១ ក្នុងចំណោមកុមារ ៥០ នាក់មានពិការភាព។ ភាពពិការមានច្រើនប្រភេទរួមមាន ពិការភាពពីកំណើត ពិការភាពដែលវិវឌ្ឍន៍ក្រោយពេលកើត និងពិការភាពដែលបណ្តាលមកពីរបួស។
  • កុមារដែលពិការភាព អាចនឹងមានតម្រូវការពិសេស និងតម្រូវឱ្យមានការអន្តរាគមន៍ដំបូង និងការគាំទ្រច្រើនតាមដែលអាចធ្វើទៅបាន។

ពិការភាពទូទៅ មានដូចជា អូទីស្សឹម Down Syndrome ពិការភាពបញ្ញា និងពិការភាពរាងកាយ ដែលទាំងអស់នេះអាចបង្កើតឱ្យមានបញ្ហាប្រឈមជាមួយនឹងការគិត អាកប្បកិរិយា និងការអភិវឌ្ឍជំនាញ។

ពិការភាពកុមារ (Childhood disability)

ភាពពិការក្នុងវ័យកុមារភាពអាចជះឥទ្ធិពលដល់សុខភាពរាងកាយ ផ្លូវចិត្តរបស់មនុស្សម្នាក់ៗ ក៏ដូចជាស្ថានភាពសង្គមរបស់ពួកគេផងដែរ។ កុមារពិការអាចមានតម្រូវការពិសេសទាក់ទងនឹងសុខភាព និងការអប់រំ ហើយប្រហែលជាត្រូវការជំនួយក្នុងទំនាក់ទំនងក្នុងសង្គម និងបរិស្ថានជុំវិញដើម្បីចូលរួម ពេញលេញនៅក្នុងជីវិតប្រចាំថ្ងៃ។ 

ជំងឺពីកំណើត (Congenital disorders)

ជំងឺពីកំណើត គឺជំងឺកើតតាំងពីកំណើត ឬអាចបណ្តាលមកពីកត្តាមជ្ឈដ្ឋានជុំវិញ។ 

ជំងឺពីកំណើត ជាទូទៅមាន ៖

  • ជំងឺពិការបញ្ញា (Intellectual Disability) កុមារយឺតយ៉ាវក្នុងការគិត និងលូតលាស់ជំនាញថ្មីៗ
  • Down syndrome ជំងឺហ្សែនទូទៅដែលបង្កអោយមានពិការភាពបញ្ញា
  • ពិការខួរក្បាល (Cerebral palsy) ពិការភាពរាងកាយដែលធ្វើឱ្យកុមារពិបាកគ្រប់គ្រង ចលនារាងកាយរបស់ពួកគេ
  • Fragile X syndrome ជំងឺបណ្តាលឱ្យមានពិការភាពបញ្ញា និងបញ្ហាការរៀនសូត្រ និងអាកប្បកិរិយា

ក្រោយពេលកើត (Developed after birth)

ពិការភាពខ្លះវិវឌ្ឍន៍ក្រោយពេលកើត។ ទាំងនេះរួមមាន បញ្ហានៃការស្តាប់ ស្ថានភាពបេះដូង និងឈាម ការរំលាយអាហារ និងបញ្ហាអរម៉ូន។ ការរកឃើញបញ្ហាទាំងនេះភ្លាមៗ បន្ទាប់ពីកើត អាចកាត់បន្ថយពីការវិត្តិន៍ជំងឺធ្ងន់ធ្ងរខាងរាងកាយ បញ្ញា ការមើលឃើញ ឬពិការភាព។

Autism

ជាធម្មតាកុមារមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យថា ជាកុមារអូទីស្សឹមទេ រហូតទាល់តែពួកគេមានអាយុ ២ ឆ្នាំ។ នៅឆ្នាំ ២០២០ CDC បានរាយការណ៍ថាកុមារប្រមាណ ១ នាក់ក្នុងចំណោមកុមារ ៥៤ នាក់ នៅសហរដ្ឋអាមេរិកត្រូវបានគេធ្វើរោគវិនិច្ឆ័យ ថាមានអូទីស្សឹម  (ASD) នេះបើយោងតាមទិន្នន័យឆ្នាំ ២០១៦ ។ ក្មេងប្រុសទំនងជាត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានអូទីស្សឹម ច្រើនជាងក្មេងស្រី។

បណ្តាលមកពីរបួស

ភាពពិការខាងរាងកាយផ្លូវចិត្ត និងអាកប្បកិរិយាអាចកើតឡើង បន្ទាប់ពីពេលរងរបួស (ដូចជាការធ្លាក់ចុះពីកម្ពស់ខ្ពស់) ប៉ះពាល់ដល់ខួរក្បាល។ មូលហេតុផ្សេងទៀតដែលបណ្តាលមកពីការរងរបួសខួរក្បាល រួមមានការបាត់បង់អុកស៊ីសែន (ឧទាហរណ៍ជំងឺហឺត ឬក្រោយពេលលង់ទឹក) ការឆ្លង (ដូចជាជំងឺរលាកស្រោមខួរក្បាល) និងជំងឺដាច់សរសៃឈាមខួរក្បាល។

ការរងរបួសផ្នែករាងកាយធ្ងន់ធ្ងរ ដូចជារបួសខួរឆ្អឹងខ្នង ឬបាត់បង់ដៃ ឬជើងក្នុងគ្រោះថ្នាក់អាចបណ្តាលឱ្យពិការភាពរាងកាយ។

ការពន្យានៃការលូតលាស់ និងភាពិការ (Developmental delay and disability)

ភាពពិការមានភាពខុសគ្នាទៅនឹង ការពន្យាពេលនៃការលូតលាស់។ កុមារដែលមានការពន្យាពេលនៃការលូតលាស់ កំពុងអភិវឌ្ឍជំនាញ យឺតជាងកុមារដទៃទៀត។ នេះមិនមានន័យថា ពួកគេមានពិការភាពនោះទេ។

មិនមែនសុទ្ធតែកុមារទាំងអស់តែមានការអភិវឌ្ឍន៍ដូចគ្នាទេ ដូច្នេះ ក្មេងខ្លះត្រូវការពេលយូរដើម្បីអភិវឌ្ឍ ជាងក្មេងដទៃទៀត។ ការពន្យាពេលនៃការអភិវឌ្ឍន៍អាចមានរយៈពេលខ្លី ឬវែងហើយអាចកើតឡើងនៅក្នុងផ្នែកណាមួយនៃការអភិវឌ្ឍន៍កូនៗរបស់អ្នក។

ផ្ទុយទៅវិញពិការភាព មានដូចជាជម្ងឺខួរក្បាល, អូទីស្សឹម, បញ្ហាការនិយាយមួយចំនួន, ការចុះខ្សោយនៃការស្តាប់ និងពិការភាពបញ្ញានឹងមានរយៈពេលពេញមួយជីវិតរបស់កូនអ្នក។ 

https://www.pregnancybirthbaby.org.au/what-is-a-childhood-disability

https://www.autismspeaks.org/autism-statistics

 

ពិការភាពបញ្ញា

ពិការភាពបញ្ញា ត្រូវបានកំណត់ដោយភាពវៃឆ្លាត ឬសមត្ថភាពផ្លូវចិត្តទាប និងកង្វះជំនាញចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ កុមារពិការបញ្ញាអាចនឹងរៀនជំនាញថ្មីៗបាន ប៉ុន្តែពួកគេរៀនយឺតជាងកុមារដទៃទៀត។ ភាពពិការបញ្ញាមានកម្រិតផ្សេងៗគ្នាចាប់ពីកម្រិតស្រាល រហូតដល់កម្រិតធ្ងន់។

តើការពិការបញ្ញា គឺជាអ្វី?

មនុស្សពិការភាពបញ្ញាមានកម្រិតខ្សោយ និងយឺតយ៉ាវនៅផ្នែក៖

  • មុខងារបញ្ញា  ត្រូវបានគេស្គាល់ផងដែរថាជា IQ ។ ចំណុចនេះសំដៅទៅលើសមត្ថភាពរបស់មនុស្សក្នុងការរៀន ហេតុផល ការធ្វើការសម្រេចចិត្ត និងដោះស្រាយបញ្ហា។
  • អាកប្បកិរិយាសម្របខ្លួន (Adaptive behaviors) ជាជំនាញចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ ដូចជាអាចទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងថែទាំខ្លួនឯង។

IQ (intelligence quotient) ជាមធ្យមគឺ ១០០ ដែលមនុស្សភាគច្រើន (ប្រហែល ៦៨ភាគរយ)​ មានពិន្ទុ IQ ចន្លោះពី ៨៥ ទៅ ១១៥។ មនុស្សម្នាក់ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានភាពពិការភាពបញ្ញា បើគេពិន្ទុ IQ តិចជាង ៧០ ទៅ ៧៥

ដើម្បីវាស់អាកប្បកិរិយាសម្របខ្លួនរបស់កុមារ (child’s adaptive behaviors) អ្នកឯកទេសនឹងសង្កេតមើលជំនាញរបស់កុមារ ហើយប្រៀបធៀបពួកគេទៅនឹងកុមារដទៃទៀតដែលមានអាយុដូចគ្នា។ អ្វីដែលអ្នកជំនាញសង្កេតរួមមាន តើកុមារអាចញាំអាហារ ឬស្លៀកពាក់ខ្លួនឯងបានល្អប៉ុណ្ណា។ តើកុមារអាចប្រាស្រ័យទាក់ទង និងយល់ពីអ្នកដទៃបានល្អប៉ុណ្ណា។ និងរបៀបដែលកុមារធ្វើអន្តរកម្មជាមួយ ក្រុមគ្រួសារ មិត្តភក្តិ និងក្មេងដទៃទៀតដែលមានអាយុដូចគ្នាបានល្អប៉ុណ្ណា។

ពិការភាពបញ្ញា ត្រូវបានគេគិតថាប៉ះពាល់ប្រហែល ១% នៃប្រជាជនសរុប។ ក្នុងចំណោមអ្នកមានពិការភាពបញ្ញា ៨៥% មាន ពិការភាពបញ្ញាកម្រិតស្រាល (mild intellectual disability) ។ នេះមានន័យថាពួកគេមានភាពយឺតយ៉ាវជាង កុមារដែលមាន IQ ធម្មតា និងយឺតក្នុងការរៀនសួត្រ ឬជំនាញថ្មីៗ។ ប្រសិនមានការជួយ និងគាំទ្រដល់កុមារបានត្រឹមត្រូវ ពួកគេនឹងអាចរស់នៅ និងធើ្វកិច្ចការបានដោយឯករាជ្យដូចមនុស្សពេញវ័យដទៃទៀតដែរ។ 

តើសញ្ញាណនៃពិការភាពបញ្ញានៅក្នុងកុមារមានអ្វីខ្លះ?

មានសញ្ញាណខុសគ្នាជាច្រើននៃពិការភាពបញ្ញានៅក្នុងកុមារ។ សញ្ញាណទាំងនោះអាចនឹងលេចឡើងក្នុងពេលទារក ឬមិនទាន់អាចកត់សំគាល់បាន រហូតដល់កុមារឈានដល់អាយុចូលរៀន។ វាអាស្រ័យលើភាពធ្ងន់ធ្ងរនៃពិការភាព។ សញ្ញាណទូទៅមួយចំនួននៃពិការភាពបញ្ញាគឺ៖

  • មានបញ្ហាក្នុងការនិយាយ ឬចេះនិយាយ និងចេះដើរ យឺតបើធៀបទៅនឹងកុមារមានអាយុដូចគ្នា
  • យឺតយ៉ាវក្នុងការស្លៀកពាក់ និងញាំអាហារដោយខ្លួនឯង
  • ពិបាកក្នុងការចងចាំ
  • មានបញ្ហាអាកប្បកិរិយា ដូចជាមានកំហឹងខ្លាំង ឆាប់មួម៉ៅខ្លាំង
  • លំបាកជាមួយនឹងការដោះស្រាយបញ្ហា ឬការគិត
  • យឺតយ៉ាវក្នុងការរៀន
  • លំបាកជាមួយការគ្រប់គ្រងពេលវេលា និងប្រាក់

ចំពោះកុមារដែលមានពិការភាពបញ្ញាធ្ងន់ធ្ងរ អាចមានបញ្ហាសុខភាពផ្សេងទៀតផងដែរ។ បញ្ហាទាំងនេះអាចរួមមាន ការប្រកាច់, Moon Disorder (ការថប់បារម្ភ, អូទីស្សឹមជាដើម), ការចុះខ្សោយនៃជំនាញម៉ូតូ (Motor Skill)  ឬបញ្ហានៃការស្តាប់ (Hearing problem) ។

តើអ្វីបណ្តាលឱ្យពិការបញ្ញា?

មូលហេតុទូទៅបំផុតនៃពិការភាពបញ្ញាគឺ៖

  •  កត្តាហ្សែន (Genetic conditions)
  •  បញ្ហានៅពេលមានផ្ទៃពោះ (Problems during pregnancy)  បញ្ហារំខានដល់ការអភិវឌ្ឍ ខួរក្បាលរបស់ទារក រួមមានការសេពគ្រឿងស្រវឹង ឬការប្រើប្រាស់គ្រឿងញៀន កង្វះអាហារូបត្ថម្ភ ការឆ្លងមេរោគមួយចំនួន ។
  • បញ្ហាក្នុងពេលសំរាកកូន (Problems during childbirth) ពិការភាពបញ្ញាអាចបណ្តាលមកពីទារកត្រូវបានខ្វះអុកស៊ីសែនក្នុងកំឡុងពេលសម្រាលកូន ឬកើតមិនគ្រប់ខែ។ 
  •  មានជំងឺ ឬមានរបួស (Illness or injury)ការឆ្លងដូចជា ជំងឺរលាកស្រោមខួរ ក្អកមាន់ អាចបណ្តាលឱ្យមានពិការភាពបញ្ញា។ ការរងរបួសធ្ងន់ធ្ងរក្បាល, លង់ទឹក កង្វះអាហារូបត្ថម្ភ ការឆ្លងមេរោគនៅក្នុងខួរក្បាល ។ ការប៉ះពាល់នឹងសារធាតុពុល ដូចជាសំណ និងការរំលោភបំពានធ្ងន់ធ្ងរអាចបណ្តាលឱ្យមានពិបាកភាពបញ្ហាផងដែរ។.
  •  None of the above ២ ភាគ ៣ នៃកុមារទាំងអស់ដែលមានពិការភាពផ្នែកបញ្ញា គេមិនទាន់ដឹងមូលហេតុនៅឡើយទេ។

កត្តា ៣ យ៉ាងក្នុងការធ្វើរោគវិនិច្ឆ័យពិការភាពបញ្ញា៖ 

  • ពិភាក្សាលំអិតជាមួយឪពុកម្តាយអំពីការលូតលាស់របស់កុមារ 
  • ការសង្កេតទៅលើកុមារ
  • ការសាកល្បងបញ្ញា និងអាកប្បកិរិយា។ 

កុមារត្រូវបានគេចាត់ទុកថាពិការខាងបញ្ញា ប្រសិនបើពួកគេមានកង្វះទាំង IQ និងឥរិយាបថសម្របខ្លួន។ 

បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យនៃពិការភាពបញ្ញា ក្រុមជំនាញនឹងវាយតម្លៃពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កុមារ។ នេះជួយពួកគេកំណត់ថា តើការគាំទ្រអ្វីខ្លះដែលកុមារត្រូវការដើម្បីទទួលបានជោគជ័យនៅផ្ទះសាលារៀន និងសហគមន៍របស់ពួកគេ។

តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីជួយដល់កុមារពិការបញ្ញារបស់ខ្ញុំ?

ជំហានដើម្បីជួយកុមារពិការបញ្ញារបស់អ្នករួមមាន៖

  • ស្វែងយល់ព័ត៍មាន និងចំណេះដឹងគ្រប់យ៉ាងទាក់ទងនឹងការពិការភាពបញ្ញា ជាជំនួយគាំទ្រកុមារបានត្រឹមត្រូវ
  • ជំរុញ លើកទឹកចិត្តកុមារអោយមានភាពឯករាជ្យលើខ្លួនឯង។ ផ្តល់ឪកាសអោយកុមាររៀនអី្វដែលថ្មី និងលើកទឹកចិត្តពួកគេធើ្វកិច្ចការដោយខ្លួនគេ។  ផ្តល់ការណែនាំនៅពេលដែលត្រូវការ ហើយផ្តល់យោបល់វិជ្ជមាន នៅពេលកូនរបស់ អ្នកធ្វើអ្វីមួយល្អ ឬពួកគេអាចបង្កើតអ្វីដែលថ្មី។
  • អោយកុមារចូលរួមកិច្ចការជាក្រុម ដើម្បីអោយកុមារអាចបង្កើតនូវជំនាញសង្គមល្អ។ 
  • ចូលរួមជានិច្ច តាមរយៈការទាក់ទងគ្រូរបស់កុមារ អ្នកនឹងអាចតាមដានកម្មវិធីសិក្សារបស់កុមារ និងពង្រឹងអ្វីដែលកូនអ្នកកំពុងរៀននៅសាលា តាមរយៈការអនុវត្តនៅផ្ទះ។

ស្គាល់ និងមានទំនាក់ទំនងជាមួយឪពុកម្តាយដទៃទៀតដែលមានកុមារ ដែលមានកុមារពិការភាពបញ្ញា។ ពួកគេអាចជាប្រភពនៃដំបូន្មាន និងការគាំទ្រខាងផ្លូវចិត្ត។

Dyslexia

Dyslexia គឺជាជំងឺនៃការរៀនសូត្រដែលពាក់ព័ន្ធនឹងការលំបាកក្នុងការអាន ការសម្គាល់សំឡេងព្យព្ជានៈ និងប្រកបអក្សរ។ គេអាចហៅម៉្យាងទៀតជា ពិការភាពនៃការអាន, Dyslexia ប៉ះពាល់ដល់

តំបន់នៃខួរក្បាលដែលដំណើរការភាសា។

បុគ្គលដែលមាន Dyslexia មានបញ្ញាធម្មតា នឹងអាចទទួលបានជោគជ័យក្នុងសាលារៀនតាមរយៈការបង្រៀន ឬកម្មវិធីសិក្សាអប់រំពិសេស។ ការគាំទ្រផ្នែកអារម្មណ៍ក៏ដើរតួយ៉ាងសំខាន់ផងដែរសម្រាប់ពួកគេ។

ថ្វីត្បិតតែគ្មានការព្យាបាលចំពោះ Dyslexia ប៉ុន្តែតាមរយៈការធើ្វរោគវិនិច្ឆ័យ និងអន្តរាគមន៍ទាន់ពេលវេលា គឺអាចកែប្រែ និងផ្តល់លទ្ធផលល្អបំផុតសម្រាប់ពួកគេ។ ពេលខ្លះ dyslexia មិនត្រូវបានគេធ្វើរោគវិនិច្ឆ័យអស់ជាច្រើនឆ្នាំ រហូតដល់ពួកគេធំពេញវ័យ ប៉ុន្តែមិនយឺតពេលទេក្នុងការស្វែងរកជំនួយ។

រោគសញ្ញា

សញ្ញានៃ Dyslexia អាចមានពិបាកកត់សំគាល់មុនពេលកូនរបស់អ្នកចូលសាលា ប៉ុន្តែក៏មានតម្រុយដំបូងខ្លះៗដែលអាចបង្ហាញពី Dyslexia។ សញ្ញារបស់ Dyslexia មានលក្ខណៈខុសប្លែកគ្នាទៅតាមកុមារម្នាក់ៗ ប៉ុន្តែស្ថានភាពនេះតែងតែលេចចេញជារូបរាង នៅពេលកុមារចាប់ផ្តើមរៀនអាន។

កុមារស្ថិតក្នុងអាយុមុនចូលសាលារៀន

សញ្ញាដែលបង្ហាញថាកុមារតូចៗអាចប្រឈមនឹង Dyslexia រួមមាន៖

  • យឺតយ៉ាវនៃភាសា និងការនិយាយ
  • ចំណាយពេលយូរក្នុងការរៀនពាក្យថ្មីៗ
  • បញ្ហាក្នុងការបង្កើតពាក្យឱ្យបានត្រឹមត្រូវ ដូចជាការអានបញ្ច្រាសសំលេង រឺមានការច្រឡំទៅលើពាក្យដែលស្តាប់ទៅដូចគ្នា
  • បញ្ហាក្នុងការចងចាំ ឬអានតួអក្សរ លេខ និងពណ៌

កុមារស្ថិតក្នុងអាយុចូលសាលារៀន

នៅពេលកុមារដល់វ័យចូលសាលារៀន រោគសញ្ញានៃ Dyslexia អាចនឹងបង្ហាញឱ្យឃើញកាន់តែច្បាស់រួមមាន៖

  • ការអានស្ថិតក្រោមកម្រិតរំពឹងទុកសម្រាប់អាយុរបស់កុមារ
  • បញ្ហាដំណើរការ និងការយល់ដឹងពីអ្វីដែលកុមារស្តាប់
  • ការលំបាកក្នុងការស្វែងរកពាក្យត្រឹមត្រូវ ឬបង្កើតចម្លើយចំពោះសំណួរ
  • បញ្ហាចងចាំលំដាប់វត្ថុ
  • ភាពលំបាកក្នុងការមើលតួអក្សរអោយបានត្រឹមត្រូវ (និងពេលខ្លះកុមារស្តាប់មិនយល់) 
  • ពិបាកបែកចែកភាពស្រដៀងគ្នា និងភាពខុសគ្នានៃអក្សរ និងពាក្យ
  • អសមត្ថភាពក្នុងការបញ្ចេញសំឡេងនៃពាក្យដែលមិនស្គាល់
  • ការលំបាកក្នុងការសរសេរអក្សរ
  • ចំណាយពេលយូរខុសពីធម្មតាដើម្បីបំពេញភារកិច្ចដែលពាក់ព័ន្ធនឹងការអាន ឬការសរសេរ
  • គេច និងមិនចូលចិត្តចំពោះសកម្មភាពណាដែលពាក់ព័ន្ធនឹងការអាន សរសេរ

តើពេលណាត្រូវទៅជួបអ្នកជំនាញ?

ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើសង្កេតឃើញពីកម្រិតនៃការអានរបស់កូនអ្នកទាបជាងអ្វីដែលរំពឹងទុកសម្រាប់អាយុរបស់ពួកគេ ឬប្រសិនបើអ្នកសម្គាល់ឃើញសញ្ញាផ្សេងទៀតនៃ Dyslexia។

នៅពេលដែល Dyslexia មិនត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងមិនបានទទួលការអន្តរាគមន៍ កុមារនៅតែបន្តរហូតដល់ពួកគេធំពេញវ័យ។

មូលហេតុនៃ Dyslexia

Dyslexia មានទំនោរក្នុងគ្រួសារ។ វាហាក់ ដូចជាត្រូវបានផ្សារភ្ជាប់ទៅនឹងហ្សែនដែលប៉ះពាល់ដល់របៀបដែលខួរក្បាលដំណើរការក្នុងការអាន និងភាសា ក៏ដូចជាកត្តាក្នុងបរិស្ថានជុំវិញ។

កត្តាហានិភ័យ

កត្តាហានិភ័យនៃdyslexia រួមមាន៖

  • ប្រវត្តិគ្រួសារដែលមាន Dyslexia ឬពិការភាពក្នុងការរៀនសូត្រផ្សេងទៀត (learning disabilities)
  • កំណើតមិនគ្រប់ខែ ឬទារកដែលទម្ងន់មិនគ្រប់
  • ការប៉ះពាល់នឹងជាតិនីកូទីន គ្រឿងញៀន អាល់កុល ឬការបង្ករោគដែលអាចផ្លាស់ប្តូរការវិវត្តខួរក្បាលរបស់ទារក

ផលវិបាក

Dyslexia អាចនាំឱ្យមានបញ្ហាមួយចំនួនរួមមាន៖

  • មានបញ្ហាក្នុងការរៀនសូត្រ ដោយសារការអាន គឺជាជំនាញមូលដ្ឋាន ដូច្នេះកុមារដែលមាន Dyslexia មានឧបសគ្គសនៅក្នុងការរៀនសូត្រ ភាគច្រើនហើយអាចមានបញ្ហាក្នុងការរាប់អានមិត្តភក្តិ។
  • បញ្ហាសង្គម ប្រសិនបើកុមារមិនទទួលបានការណែនាំត្រឹមត្រូវ អាចនាំឱ្យមានកុមារមាន បញ្ហាអាកប្បកិរិយា ការថប់បារម្ភ ការឈ្លានពាន និងការដកខ្លួនចេញពីមិត្តភក្តិ ឪពុកម្តាយ និងគ្រូ។
  • អសមត្ថភាពក្នុងការអាន និងការយល់ដឹងអាចរារាំងកុមារមិនឱ្យឈានដល់សក្តានុពលរបស់ពួកគេ នៅពេលកុមារធំឡើង។ នេះអាចមានផលវិបាកផ្នែកអប់រំសង្គម និងសេដ្ឋកិច្ចរយៈពេលវែង។

តើអ្នកដឹងទេ ការអប់រំពិសេសមានសារៈសំខាន់យ៉ាងណាខ្លះសម្រាប់កុមារដែលមានតម្រូវការពិសេស?

កុមារដែលមានពិការភាពក្នុងការរៀនសូត្រតែងតែត្រូវបានសង្គមមិនអើពើ និងមើលងាយ។ ពួកគេច្រើនតែទទួលបាននូវការរិះគន់អវិជ្ជមានពីសាលារៀន និងមិនមានការអភិវឌ្ឍន៍ចំណេះដឹងដូចកុមារដទៃទៀតនៅក្នុងថ្នាក់។ ប៉ុន្តែនេះគឺ ខុសយ៉ាងខ្លាំង។ ក្នុងនាមជាមនុស្សគឺ មានសិទ្ធិជាមូលដ្ឋាន និងឱកាសស្មើគ្នាក្នុងការទទួលបានការអប់រំ។

ដូច្នេះ ការអប់រំពិសេសសំដៅលើ កម្មវិធីសិក្សា និងការអនុវត្តន៍ការអប់រំដែលត្រូវបានរចនាឡើងសម្រាប់កុមារ ឬបុគ្គលដែលមានតម្រូវការពិសេស ទាំងវិធីសាស្រ្តបង្រៀនពិសេស សំភារៈបង្រៀន ឬការថែទាំ និងជួយកុមារក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។ 

បន្ថែមលើប្រព័ន្ធសាលារបស់ពួកគេ ថ្នាក់អប់រំពិសេសសម្រាប់កុមារទាំងនេះ គឺជាតម្រូវការចាំបាច់ ហើយប្រភេទនៃការអប់រំពិសេសបែបនេះដែរគឺ ផ្តល់អាទិភាពការអប់រំតាមលក្ខណបែបសប្បាយរីករាយទៅដល់កុមារតម្រូវការពិសេស។ ដូចកុមារដទៃទៀតដែរ។ 

កុមារពិសេសក៏មានសិទ្ធិទទួលបានការអប់រំមួយដ៏ត្រឹមត្រូវដែលជួយឱ្យពួកគេលូតលាស់ រីករាយ និងមានសិទិ្ធចូលរួមក្នុងកិច្ចការសង្គមផងដែរ។ ពួកគេមានសិទ្ធិរស់នៅក្នុងជីវិតដែលពោរពេញដោយការស្វែងយល់ពីសក្តានុពលរបស់ខ្លួន។ 

ការផ្តល់ក្តីសង្ឃឹមដល់ក្មេងៗ និងការលើកទឹកចិត្តពួកគេឱ្យឈានទៅដល់សក្តានុពលរបស់ខ្លួន និងសម្រេចបាននូវអ្វីដែលពួកគេគិតថាមិនអាចទៅរួច គឺជារង្វាន់ធំបំផុតដែលអ្នកជាគ្រូបង្រៀនអាចផ្តល់ឱ្យពួកគេ។

តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំមានការព្រួយបារម្ភអំពីការអភិវឌ្ឍន៍របស់កូនខ្ញុំ?

នៅពេលដែលឪពុកមានការព្រួយបារម្ភអំពីការរីកចម្រើនរបស់កុមារនៅក្នុងសាលារៀន ជំហានដំបូងអ្នកត្រូវតែមានទំនាក់ទំនងជាមួយលោកគ្រូអ្នកគ្រូរបស់កុមារ។ គ្រូបង្រៀន គឺជាអ្នកជំនាញដែលចូលរួមយ៉ាងជិតស្និទ្ធបំផុតនៅក្នុងការអប់រំរបស់កុមារ។ អ្នកអាចជជែកពីកង្វល់របស់អ្នកជាមួយគ្រូបន្ទុកថ្នាក់ និងស្វែងរកវិធីសាស្រ្ត្តផ្សេងៗដើម្បីធើ្វជាមួយកូនៗរបស់អ្នក។ កិច្ចសហការយ៉ាងជិតស្និទ្ធរវាងឪពុកម្តាយ អ្នកមើលថែកុមារ និងអ្នកគ្រូលោកគ្រូ​ គឺមូលដ្ឋានគ្រឹះនៃទំនាក់ទំនងការងារដែលនឹងជួយឱ្យកុមាររីកចម្រើន។

គន្លឹះក្នុងការជំរុញកុមារអោយមានទម្លាប់ក្នុងការអានសៀវភៅ

គន្លឹះក្នុងការជំរុញកុមារអោយមានទម្លាប់ក្នុងការអានសៀវភៅ គឺចាប់ផ្តើមពីការអានតាំងពីវ័យក្មេង។ ជំហានដំបូងដើម្បីអោយកុមារចាប់អារម្មណ៍ក្នុងការអានសៀវភៅនោះអ្នកត្រូវបង្កើតបរិយាកាសអានដោយមានភាពសប្បាយរីករាយជាកុមារ ដើម្បីជំរុញទឹកចិត្តកុមារក្នុងការអាន។

ទោះយ៉ាងណាក៏ដោយកុមារទាំងអស់ មានដំណាក់កាលនៃការរៀនអានសៀវភាពផ្សេងៗគ្នា។ នេះមានន័យថា កុមារខ្លះអាចស្រលាញ់ការអានសៀវភៅតាំងពីកំណើត ហើយកុមារខ្លះទៀតប្រហែលជាមិនចូលចិត្តអាននោះទេ។

ដូច្នេះអ្នកត្រូវវិធីសាស្រ្តផ្សេងៗគ្នាជាច្រើនដែលអ្នកអាចប្រើដើម្បីលើកទឹកចិត្តកូនអ្នកឱ្យអាន។

ដំបូងអ្នកចាំបាច់ត្រូវស្វែងយល់ពីមូលហេតុដែលកូនរបស់អ្នកមិនចូលចិត្តអានជាមុនសិន។

មូលហេតុខ្លះៗដែលកុមារមិនចូលចិត្តអានរួមមាន៖

  • កុមារមានអារម្មណ៍ថាការអាន គឺជាសំពាធ
  • កុមារអាចមានបញ្ហាក្នុងការអាន (Dyslexia)
  • កុមារងាយនឹងធុញទ្រាន់ក្នុងការអាន
  • កុមារមិនទាន់រកឃើញសៀវភៅដែលគេចូលចិត្តអាន

នៅពេលដែលអ្នកដឹងពីមូលហេតុដែលកូនរបស់អ្នកមិនចូលចិត្តអានសៀវភៅ អ្នកអាចដោះស្រាយបញ្ហាបានឆាប់ និងជួយកុមារចាប់ផ្តើមការអានកាន់តែមានភាពរីករាយ។

សាកល្បងវិធីងាយៗទាំង ១០ នេះដើម្បីលើកទឹកចិត្តកុមារអោយមានទម្លាប់អាន និងមានភាពរីករាយ 

រៀបចំទីកន្លែងសមរម្យ

រៀបចំទូរសម្រាប់តាំងសៀវភៅអោយបានត្រឹមត្រូវ ឬបន្ទប់រៀបចំតាមចំណង់ចំណូលចិត្តរបស់កុមារ និងមិនមានសំលេងរំខានខ្លាំង។ 

លើកទឹកចិត្ត និងអនុញ្ញាតឱ្យពួកគេអានសៀវភៅតាមចំណាប់អារម្មណ៍របស់ពួកគេ

ជាជាងបង្ខំឱ្យកុមារអានអ្វីដែលអ្នកចូលចិត្ត ផ្ទុយទៅវិញជំរុញឱ្យពួកគេអានអ្វីដែលពួកគេចាប់អារម្មណ៍។ នេះគឺ ជាការអភិវឌ្ឍទម្លាប់នៃការអានកុមារ។ ស្វែងរកប្រភេទសៀវភៅផ្សេងៗ ដូចជា រឿងនិទានអាថ៌កំបាំង រឿងប្រឌិតបែបវិទ្យាសាស្ត្រ សៀវភៅកំប្លែង និងរឿងជាច្រើនទៀត។ 

គំរូរបស់អ្នក

ប្រសិនបើ អ្នកជាមនុស្សចូលចិត្តអានសៀវភៅ កូនរបស់អ្នកទំនងជាចាប់យកចំណង់ចំណូលចិត្ត និងធើ្វតាមគំរូរបស់អ្នក។ លើកទឹកចិត្តកូនរបស់អ្នកអាចជាមួយអ្នក ដោយរៀនអានជាមួយសៀវភៅផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលអ្នកកំពុងអាន។

តភ្ជាប់ការអានទៅនឹងជីវិតពិត

ជួយកូនអ្នកឱ្យអនុវត្តអ្វីដែលគាត់កំពុងអានក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជា សារៈប្រយោជន៍នៃការអានតាមរយៈអនុវត្ត ការអានម៉ឺនុយម្ហូប ឈ្មោះខ្សែរភាពយន្ត សញ្ញាសំគាល់ផ្លូវ ការណែនាំអំពីល្បែងសិក្សា និងអ្វីៗជាច្រើនទៀត។ 

នាំកុមារទៅបណ្ណាល័យ

ចំណាយពេលនាំកុមារទៅបណ្ណាល័យផ្តល់ឱ្យកុមារនូវឱកាសដើម្បីអភិវឌ្ឍទម្លាប់នៃការអានល្អ។ ដូច្នេះត្រូវប្រាកដថាយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ធ្វើដំណើរទៅបណ្ណាល័យ។

ជជែកជាមួយកូនរបស់អ្នកបន្ទាប់ពីអាន

បន្ទាប់ពីកូនរបស់អ្នកអានសៀវភៅរួចរាល់ ហើយនិយាយពីអ្វីដែលបានកើតឡើងក្នុងសៀវភៅ បន្ទាប់មកសួរថា តើផ្នែកណាដែលពួកគេចូលចិត្ត។ នេះនឹងជួយបង្កើនជំនាញការយល់ដឹងរបស់កូនអ្នក និងធ្វើឱ្យការអានមានភាពរីករាយ ស្និទ្ធស្នាល។

ផ្តល់ការគាំទ្រដល់កូនរបស់អ្នក
ប្រសិនបើអ្នកសង្កេតឃើញកូនរបស់អ្នកមានការលំបាកក្នុងការអាន សូមជជែកជាមួយគ្រូរបស់កូនអ្នក ឬអ្នកជំនាញ ហើយដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

អានជាមួយកូនរបស់អ្នកជារៀងរាល់យប់

បង្កើតទម្លាប់អានជាមួយកូនៗជារៀងរាល់យប់។ ទម្លាប់នេះជួយអោយកូនអ្នករៀនផ្សារភ្ជាប់ជាមួយការអាននឹងការសំរាកលំហែខួរក្បាលជាមួយភាពរីករាយក្នុងសៀវភៅ។

គន្លឹះសំខាន់ៗក្នុងការបង្រៀនកូនអំពីសារៈសំខាន់នៃការទទួលខុសត្រូវ

ការបង្រៀនកុមារអោយមានទំនួសខុសត្រូវ គួរតែចាប់ផ្តើមនៅពេលពួកគេនៅតូចៗ និងបង្រៀនពួកគេពិចារណានូវផលវិបាកមុនពេលធ្វើការសម្រេចចិត្តធើ្វអី្វមួយ។ 

គ្រួសារដើរតួយ៉ាងសំខាន់ក្នុងការបង្រៀនកុមារអំពីតម្លៃនៃទំនួលខុសត្រូវដោយចាប់ផ្តើមពីចេញពីគំរូរបស់ក្រុមគ្រួសារ។ សូមចងចាំថាកូនរបស់អ្នកនឹងរៀនពីអ្វីដែលពួកគេបានឃើញ និងធ្វើត្រាប់តាមសកម្មភាពទាំងនោះ។

ជៀសវាងការប្រើហិង្សាលើកុមារ

វិធីល្អបំផុតដើម្បីបង្រៀនកូនឱ្យក្លាយជាមនុស្សដែលមានទំនួលខុសត្រូវ គឺបង្ហាញតាមរយៈឥរិយាបទរបស់អ្នក។ 

កុមាររៀន និងធ្វើអ្វីដែលពួកគេសង្កេតឃើញជាងអី្វដែលអ្នកប្រាប់ពួកគេឱ្យធ្វើអ្វីមួយ។ ដោយហេតុផលនេះការដាក់ទណ្ឌកម្ម គឺមិនមែនជាវិធីល្អដើម្បីបង្រៀនពួកគេនោះទេ។

កុមារត្រូវរៀនស្តាប់ និងអោយតម្លៃទៅលើគំនិតយោបល់របស់អ្នកដទៃ ដូចទៅនឹងការអោយតម្លៃទៅលើយោបល់ផ្ទាល់ខ្លួនរបស់គេដែរ។ 

ជៀសវាងការការពារហួសប្រមាណ

ឪពុកម្តាយមួយចំនួនការពារកូនៗហួសប្រមាណ និងមិនបានបង្រៀនពីវិធីដោះស្រាយបញ្ហាដល់ពួកគេទេ ។ ជាលទ្ធផល គំរូនេះនឹងធើ្វឱ្យពួកគេធំឡើងគិតថា ពួកគេមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាអី្វៗទាំងអស់ និងដោះស្រាយដោយខ្លួនឯងនោះទេ ពួកគេនឹងពឹងផ្អែកទាំងស្រុងទៅលើឪពុកម្តាយ និងមិនយល់ពីតម្លៃនៃការទទួលខុសត្រូវ។

បង្រៀនកុមារអំពីការចំណាយប្រាក់

កុមារចាប់ផ្តើមយល់ពីតម្លៃនៃប្រាក់តាំងពីវ័យក្មេងក៏ជាផ្នែកមួយនៃការទទួលខុសត្រូវផងដែរ។

ពន្យល់កូនៗរបស់អ្នកពីភាពខុសគ្នារវាងអី្វជា “តម្រូវការ” និង“ ការចង់បាន” ។ អ្នកគួរតែរៀបចំផែនការថវិកាជាមួយកូនៗរបស់អ្នក ដូច្នេះពួកគេអាចសន្សំ និងទិញរបស់ដែលគេចង់បាន ដូចជាប្រដាប់ប្រដាក្មេងលេងដែលគេចង់បាន។

ចាប់អារម្មណ៍ពីឥរិយាបថទទួលខុសត្រូវរបស់កូនៗ

សូមណែនាំលើឥរិយាបទរបស់កុមារនៅពេលដែលពួកគេបានធ្វើអ្វីខុស និងជួបបញ្ហាអ្វីមួយ។ ចំណុចសំខាន់មួយទៀត អ្នកត្រូវសរសើរអំពីការខិតខំ និងលើកទឹកចិត្តកុមារជានិច្ចនៅពេលពួកគេមានឥរិយាបទដែលមានទំនួលខុសត្រូវ ៕