(855) 17 66 89 41 | (855) 96 73 51 736

តើអី្វជាវិបតិ្តអាកប្បកិរិយា?

វិបតិ្តអាកប្បកិរិយា គឺជាក្រុមនៃបញ្ហាអាកប្បកិរិយា និងអារម្មណ៍ ដែលជាធម្មតា ចាប់ផ្តើមក្នុងវ័យកុមារភាព ឬវ័យជំទង់។ កុមារ និងវ័យជំទង់ ដែលមានជំងឺនេះ គឺមានការលំបាកក្នុងជាមួយអាកប្បកិរិយារបស់គេនៅក្នុងសង្គម។ 

ពួកគេអាចបង្ហាញអាកប្បកិរិយា មិនសមរម្យ បំផ្លិចបំផ្លាញ និងបោកបញ្ឆោត រំលោភលើសិទ្ធិរបស់អ្នកដទៃ។ អ្នកដទៃនឹងមើលមកពួកគេថាជាមនុស្សមិនល្អ ជាជាងយល់ថាពួកគេមានជំងឺ។

រោគសញ្ញាវិបត្តិអាកប្បកិរិយា

ជាធម្មតាកុមារមានវិបត្តិអាកប្បកិរិយា​ គឺមានការពិបាកក្នុងការគ្រប់គ្រងអាកប្បកិរិយា និងពិបាកសមស្របខ្លួនក្នុងសង្គម។ ពួកតែងប្រព្រឹត្តិអំពើ ឬសំដែងចេញនូវអាកប្បកិរិយា ដោយមិនមានការគិតគ្រប់ជ្រុងជ្រោយ និងមិនបានគិតពីផលពិបាកនៃសកម្មភាពរបស់ពួកគេ ទេ។ ពួកគេក៏មិនគិតពីអារម្មណ៍របស់អ្នកដទៃដែរ។ ពួកគេអាចមានបញ្ហា ប្រសិនបើពួកគេបង្ហាញអាកប្បកិរិយា ដូចខាងក្រោមមួយ ឬច្រើន៖   ​

  • អាកប្បកិរិយាឈ្លានពាន ឬបង្កហេតុអាក្រក់
  • បោកបញ្ឆោត
  • អាកប្បកិរិយាបំផ្លិចបំផ្លាញ
  • បំពានច្បាប់

អាកប្បកិរិយាឈ្លានពាន ឬបង្កហេតុអាក្រក់អាចរួមបញ្ចូលនូវ

  • បំភិតបំភ័យឬសម្លុតអ្នកដទៃ
  • ប៉ះពាល់ដល់រាងកាយអ្នកដទៃ ឬសត្វដោយចេតនា
  • រំលោភសេពសន្ថវៈ
  • ប្រើប្រាស់អាវុធ

ការបោកបញ្ឆោត 

  • ការកុហក
  • លួច
  • ការក្លែងបន្លំ

អាកប្បកិរិយាបំផ្លិចបំផ្លាញ

ការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា។

ការបំពានច្បាប់

  • គេចសាលា
  • រត់ចេញពីផ្ទះ
  • ប្រើប្រាស់គ្រឿងញៀន និងផឹកគ្រឿងស្រវឹង
  • មានចំណង់ផ្លូវភេទនៅវ័យក្មេង

ក្មេងប្រុសដែលមានវិបតិ្តអាកប្បកិរិយា ទំនងជាមានអាកប្បកិរិយាបង្កហេតុអាក្រក់ និងបំផ្លាចបំផ្លាញច្រើនជាងក្មេងស្រី ។ ចំពោះក្មេងស្រីមានអាកប្បកិរិយាបោកប្រាស់ និងរំលោភបំពានច្បាប់។ 

លើសពីនេះរោគសញ្ញានៃវិបត្តិអាកប្បកិរិយា អាចមានកំរិត ស្រាល មធ្យម ឬធ្ងន់ធ្ងរ៖

កំរិតស្រាល

ប្រសិនបើ កូនរបស់អ្នកមានរោគសញ្ញាក្នុងកំរិតស្រាល មានន័យថា ពួកគេបង្ហាញនូវបញ្ហាអាកប្បកិរិយាតិចតួច ។ បញ្ហានៃការប្រព្រឹត្តបង្កឱ្យមានគ្រោះថ្នាក់តិចតួចដល់អ្នកដទៃ។ បញ្ហាទូទៅរួមមាន ការនិយាយកុហក គេចសាលារៀន និងគេចពីផ្ទះនៅពេលយប់។

កំរិតមធ្យម 

កុមារសំដែងចេញនូវបញ្ហាអាកប្បកិរិយាច្រើន វិបត្តិទាំងនោះអាចមានពីកំរិតស្រាល ទៅធ្ងន់ធ្ងរ ហើយប៉ះពាល់ដល់អ្នកដទៃ។ បញ្ហាទាំងនោះរួមមាន ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងការលួច។

កំរិតធ្ងន់ធ្ងរ 

ពួកគេបង្ហាញបញ្ហាអាកប្បកិរិយាលើសពីអ្វីដែលត្រូវការដើម្បីធ្វើរោគវិនិច្ឆ័យ។ បញ្ហានៃការប្រព្រឹត្តទាំងនេះបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ បញ្ហាអាចរួមមាន ការចាប់រំលោភ ការប្រើអាវុធខុសច្បាប់។

តើវិបត្តិអាកប្បកិរិយាបណ្តាលមកពីមូលហេតុអី្វ?

ក្នុងនោះមានកត្តាហ្សែន និងបរិស្ថានជុំវិញ អាចរួមចំណែកដល់ការវិវត្តនៃវិបត្តិអាកប្បកិរិយា។

កត្តាហ្សែន 

ការបំផ្លាញផ្នែកខាងមុខនៃខួរក្បាល ត្រូវបានផ្សារភ្ជាប់ទៅនឹងវិបត្តិអាកប្បកិរិយា។ ផ្នែកខួរក្បាលខាងមុខ គឺជាផ្នែកមួយគ្រប់គ្រងជំនាញការយល់ដឹងសំខាន់ៗ ដូចជាការដោះស្រាយបញ្ហា ការចងចាំ និងការបង្ហាញនូវចិត្តរំភើប។ ខួរក្បាលខាងមុខវាក៏ជាផ្នែកនៃបុគ្គលិកលក្ខណៈរបស់អ្នកផងដែរ។ ខួរក្បាលផ្នែកខាងមុខ ចំពោះមនុស្សដែលមានវិបត្តិអាកប្បកិរិយា អាចមិនដំណើរការត្រឹមត្រូវ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់

  • កង្វះនៅការគ្រប់គ្រងសន្ទុះចិត្ត
  • ការកាត់បន្ថយសមត្ថភាពក្នុងការធ្វើផែនការសកម្មភាពនាពេលអនាគត
  • ការថយចុះសមត្ថភាពក្នុងការរៀនពីបទពិសោធន៍អវិជ្ជមានកន្លងមក

ការចុះខ្សោយនៃផ្នែកខួរក្បាលខាងមុខអាចជាហ្សែន ឬវាអាចបណ្តាលមកពីគ្រោះថ្នាក់ ឬរបួសណាមួយ។ 

កត្តាបរិស្ថានជុំវិញ 

កត្តាបរិស្ថានជុំវិញដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពវិបតិ្តអាកប្បកិរិយារួមមាន៖

  • ការ​រំលោភបំពាន​លើ​កុមារ
  • ស្ថិតក្នុងគ្រួសារដែលឈ្លោះប្រកែកគ្នា
  • មានឪពុកម្តាយដែលប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង
  • គ្រួសារក្រីក្រ

សម្រាប់បុគ្គលដែលមានវិបតិ្តអាកប្បកិរិយា តើនរណាដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃច្រើនជាង?

  • ជាមនុស្សប្រុស
  • បុគ្គលដែលរស់នៅក្នុងទីក្រុង
  • បុគ្គលដែលរស់នៅក្នុងភាពក្រីក្រ
  • រស់នៅក្នុងគ្រួសារដែលធ្លាប់មានវិបត្តិអាកប្បកិរិយា
  • រស់នៅក្នុងគ្រួសារដែលធ្លាប់មានជំងឺផ្លូវចិត្ត
  • បុគ្គលដែលកំពុងមានជំងឺផ្លូវចិត្តផ្សេងៗ
  • មានឪពុកម្តាយដែលប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង
  • រស់នៅក្នុងមជ្ឈដ្ឋានដែលមានការឈ្លោះប្រកែកគ្នា
  • ធ្លាប់មានបទពិសោធន៍ជួបនូវគ្រោះថ្នាក់រន្ធត់
  • បុគ្គលដែលទទួលរងនូវអំពីហិង្សា

ការព្យាបាល

​ប្រសិនកុមារដែលមានវិបត្តិអាកប្បកិរិយារស់នៅក្នុងផ្ទះដែលមានការរំលោភបំពាន គេអាចនឹងអោយកុមារប្តូរទៅកន្លែងផ្សេង។ ប្រសិនបច្ចុប្បន្នមិនមានការរំលោភបំពានទេ អ្នកផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តនឹងប្រើវិធីព្យាបាលអាកប្បកិរិយា ឬវិធីព្យាបាលការនិយាយ ដើម្បីជួយកុមាររៀនពីរបៀបបង្ហាញ ឬគ្រប់គ្រងអារម្មណ៍របស់ពួកគេឱ្យបានសមរម្យ។ អ្នកផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តនឹងបង្រៀនអ្នកពីវិធីសាស្រ្តក្នុងការគ្រប់គ្រងអាកប្បកិរិយាកូនរបស់អ្នក។ ប្រសិនកុមារមានជំងឺផ្សេងៗទៀតដូចជា ធ្លាក់ទឹកចិត្ត ឬ ADHD អ្នកផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តអាចចេញវេជ្ជបញ្ជាអោយប្រើថ្នាំសំរាប់ព្យាបាលជម្ងឺនោះផងដែរ។

ដើម្បីបង្កើតឥរិយាបថ និងគំរូអាកប្បកិរិយាថ្មីៗដល់កុមារ ដែលមានវិបត្តិអាកប្បកិរិយា ជាធម្មតាត្រូវការការព្យាបាលរយៈពេលវែង។ ទោះជាយ៉ាងណាក៏ដោយការព្យាបាលទាន់ពេលវេលាអាចកាត់បន្ថយការវិវត្តនៃជំងឺ ឬកាត់បន្ថយភាពធ្ងន់ធ្ងរនៃអាកប្បកិរិយាអវិជ្ជមានរបស់កុមារ។

https://www.healthline.com/health/conduct-disorder

តើភាពពិការរបស់កុមារគឺជាអី្វ?

មនុស្សពិការមិនអាចបំពេញមុខងារមួយចំនួនក៏ ដូចជាមុខងារផ្សេងទៀតបានទេ។ ពិការភាពអាចជាពិការផ្នែករាងកាយ វាអាចទាក់ទងនឹងអារម្មណ៍ ដូចជាការមើលឃើញ ឬការស្តាប់  វាអាចពាក់ព័ន្ធនឹងអសមត្ថភាពក្នុងការគិតឱ្យបានច្បាស់ ឬវាអាចទាក់ទងនឹងសុខភាពផ្លូវចិត្ត។

  • ភាពពិការជារឿងធម្មតា ប្រហែល ១ ក្នុងចំណោមកុមារ ៥០ នាក់មានពិការភាព។ ភាពពិការមានច្រើនប្រភេទរួមមាន ពិការភាពពីកំណើត ពិការភាពដែលវិវឌ្ឍន៍ក្រោយពេលកើត និងពិការភាពដែលបណ្តាលមកពីរបួស។
  • កុមារដែលពិការភាព អាចនឹងមានតម្រូវការពិសេស និងតម្រូវឱ្យមានការអន្តរាគមន៍ដំបូង និងការគាំទ្រច្រើនតាមដែលអាចធ្វើទៅបាន។

ពិការភាពទូទៅ មានដូចជា អូទីស្សឹម Down Syndrome ពិការភាពបញ្ញា និងពិការភាពរាងកាយ ដែលទាំងអស់នេះអាចបង្កើតឱ្យមានបញ្ហាប្រឈមជាមួយនឹងការគិត អាកប្បកិរិយា និងការអភិវឌ្ឍជំនាញ។

ពិការភាពកុមារ (Childhood disability)

ភាពពិការក្នុងវ័យកុមារភាពអាចជះឥទ្ធិពលដល់សុខភាពរាងកាយ ផ្លូវចិត្តរបស់មនុស្សម្នាក់ៗ ក៏ដូចជាស្ថានភាពសង្គមរបស់ពួកគេផងដែរ។ កុមារពិការអាចមានតម្រូវការពិសេសទាក់ទងនឹងសុខភាព និងការអប់រំ ហើយប្រហែលជាត្រូវការជំនួយក្នុងទំនាក់ទំនងក្នុងសង្គម និងបរិស្ថានជុំវិញដើម្បីចូលរួម ពេញលេញនៅក្នុងជីវិតប្រចាំថ្ងៃ។ 

ជំងឺពីកំណើត (Congenital disorders)

ជំងឺពីកំណើត គឺជំងឺកើតតាំងពីកំណើត ឬអាចបណ្តាលមកពីកត្តាមជ្ឈដ្ឋានជុំវិញ។ 

ជំងឺពីកំណើត ជាទូទៅមាន ៖

  • ពិការបញ្ញា (Intellectual Disability) កុមារយឺតយ៉ាវក្នុងការគិត និងលូតលាស់ជំនាញថ្មីៗ
  • Down syndrome ជំងឺហ្សែនទូទៅដែលបង្កអោយមានពិការភាពបញ្ញា
  • ពិការខួរក្បាល (Cerebral palsy) ពិការភាពរាងកាយដែលធ្វើឱ្យកុមារពិបាកគ្រប់គ្រង ចលនារាងកាយរបស់ពួកគេ
  • Fragile X syndrome ជំងឺបណ្តាលឱ្យមានពិការភាពបញ្ញា និងបញ្ហាការរៀនសូត្រ និងអាកប្បកិរិយា

ក្រោយពេលកើត (Developed after birth)

ពិការភាពខ្លះវិវឌ្ឍន៍ក្រោយពេលកើត។ ទាំងនេះរួមមាន បញ្ហានៃការស្តាប់ ស្ថានភាពបេះដូង និងឈាម ការរំលាយអាហារ និងបញ្ហាអរម៉ូន។ ការរកឃើញបញ្ហាទាំងនេះភ្លាមៗ បន្ទាប់ពីកើត អាចកាត់បន្ថយពីការវិត្តិន៍ជំងឺធ្ងន់ធ្ងរខាងរាងកាយ បញ្ញា ការមើលឃើញ ឬពិការភាព។

Autism

ជាធម្មតាកុមារមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យថា ជាកុមារអូទីស្សឹមទេ រហូតទាល់តែពួកគេមានអាយុ ២ ឆ្នាំ។ នៅឆ្នាំ ២០២០ CDC បានរាយការណ៍ថាកុមារប្រមាណ ១ នាក់ក្នុងចំណោមកុមារ ៥៤ នាក់ នៅសហរដ្ឋអាមេរិកត្រូវបានគេធ្វើរោគវិនិច្ឆ័យ ថាមានអូទីស្សឹម  (ASD) នេះបើយោងតាមទិន្នន័យឆ្នាំ ២០១៦ ។ ក្មេងប្រុសទំនងជាត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានអូទីស្សឹម ច្រើនជាងក្មេងស្រី។

បណ្តាលមកពីរបួស

ភាពពិការខាងរាងកាយផ្លូវចិត្ត និងអាកប្បកិរិយាអាចកើតឡើង បន្ទាប់ពីពេលរងរបួស (ដូចជាការធ្លាក់ចុះពីកម្ពស់ខ្ពស់) ប៉ះពាល់ដល់ខួរក្បាល។ មូលហេតុផ្សេងទៀតដែលបណ្តាលមកពីការរងរបួសខួរក្បាល រួមមានការបាត់បង់អុកស៊ីសែន (ឧទាហរណ៍ជំងឺហឺត ឬក្រោយពេលលង់ទឹក) ការឆ្លង (ដូចជាជំងឺរលាកស្រោមខួរក្បាល) និងជំងឺដាច់សរសៃឈាមខួរក្បាល។

ការរងរបួសផ្នែករាងកាយធ្ងន់ធ្ងរ ដូចជារបួសខួរឆ្អឹងខ្នង ឬបាត់បង់ដៃ ឬជើងក្នុងគ្រោះថ្នាក់អាចបណ្តាលឱ្យពិការភាពរាងកាយ។

ការលូតលាស់យឺតយឺាវ និងពិការភាព (Developmental delay and disability)

ភាពពិការមានភាពខុសគ្នាទៅនឹងការលូតលាស់យឺតយ៉ាវរបស់កុមារម្នាក់ៗ។ កុមារដែលមានការលូតលាស់យ៉ាតយ៉ាវ ពួកគេកំពុងអភិវឌ្ឍជំនាញ យឺតជាងកុមារដទៃទៀត។ នេះមិនមានន័យថា ពួកគេមានពិការភាពនោះទេ។

មិនមែនសុទ្ធតែកុមារទាំងអស់តែមានការអភិវឌ្ឍន៍ដូចគ្នាទេ ដូច្នេះ ក្មេងខ្លះត្រូវការពេលយូរដើម្បីអភិវឌ្ឍ ជាងក្មេងដទៃទៀត។ ពេលនៃការអភិវឌ្ឍន៍យឺតយ៉ាវនេះអាចមានរយៈពេលខ្លី ឬវែងហើយអាចកើតឡើងនៅក្នុងផ្នែកណាមួយនៃការអភិវឌ្ឍន៍កូនៗរបស់អ្នក។

ផ្ទុយទៅវិញពិការភាព មានដូចជាជម្ងឺខួរក្បាល, អូទីស្សឹម, បញ្ហាការនិយាយមួយចំនួន, ការចុះខ្សោយនៃការស្តាប់ និងពិការភាពបញ្ញានឹងមានរយៈពេលពេញមួយជីវិតរបស់កូនអ្នក។

https://www.pregnancybirthbaby.org.au/what-is-a-childhood-disability

https://www.autismspeaks.org/autism-statistics

តើពិការបញ្ញា គឺជាអ្វី?

ពិការភាពបញ្ញា Intellectual disability (ID) ត្រូវបានកំណត់ដោយភាពវៃឆ្លាត ឬសមត្ថភាពផ្លូវចិត្តទាប និងកង្វះជំនាញចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ កុមារពិការបញ្ញាអាចនឹងរៀនជំនាញថ្មីៗបាន ប៉ុន្តែពួកគេរៀនយឺតជាងកុមារដទៃទៀត។ ភាពពិការបញ្ញាមានកម្រិតផ្សេងៗគ្នាចាប់ពីកម្រិតស្រាល រហូតដល់កម្រិតធ្ងន់។

មនុស្សពិការភាពបញ្ញាមានកម្រិតខ្សោយ និងយឺតយ៉ាវនៅផ្នែក៖

 

  • មុខងារបញ្ញា  ត្រូវបានគេស្គាល់ផងដែរថាជា IQ ។ ចំណុចនេះសំដៅទៅលើសមត្ថភាពរបស់មនុស្សក្នុងការរៀន ហេតុផល ការធ្វើការសម្រេចចិត្ត និងដោះស្រាយបញ្ហា។
  • អាកប្បកិរិយាសម្របខ្លួន (Adaptive behaviors) ជាជំនាញចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ ដូចជាអាចទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងថែទាំខ្លួនឯង។

 

IQ (intelligence quotient) ជាមធ្យមគឺ ១០០ ដែលមនុស្សភាគច្រើន (ប្រហែល ៦៨ភាគរយ)​ មានពិន្ទុ IQ ចន្លោះពី ៨៥ ទៅ ១១៥។ មនុស្សម្នាក់ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានភាពពិការភាពបញ្ញា បើគេពិន្ទុ IQ តិចជាង ៧០ ទៅ ៧៥

ដើម្បីវាស់អាកប្បកិរិយាសម្របខ្លួនរបស់កុមារ (child’s adaptive behaviors) អ្នកឯកទេសនឹងសង្កេតមើលជំនាញរបស់កុមារ ហើយប្រៀបធៀបពួកគេទៅនឹងកុមារដទៃទៀតដែលមានអាយុដូចគ្នា។ អ្វីដែលអ្នកជំនាញសង្កេតរួមមាន តើកុមារអាចញាំអាហារ ឬស្លៀកពាក់ខ្លួនឯងបានល្អប៉ុណ្ណា។ តើកុមារអាចប្រាស្រ័យទាក់ទង និងយល់ពីអ្នកដទៃបានល្អប៉ុណ្ណា។ និងរបៀបដែលកុមារធ្វើអន្តរកម្មជាមួយ ក្រុមគ្រួសារ មិត្តភក្តិ និងក្មេងដទៃទៀតដែលមានអាយុដូចគ្នាបានល្អប៉ុណ្ណា។

ពិការភាពបញ្ញា ត្រូវបានគេគិតថាប៉ះពាល់ប្រហែល ១% នៃប្រជាជនសរុប។ ក្នុងចំណោមអ្នកមានពិការភាពបញ្ញា ៨៥% មាន ពិការភាពបញ្ញាកម្រិតស្រាល (mild intellectual disability) ។ នេះមានន័យថាពួកគេមានភាពយឺតយ៉ាវជាង កុមារដែលមាន IQ ធម្មតា និងយឺតក្នុងការរៀនសួត្រ ឬជំនាញថ្មីៗ។ ប្រសិនមានការជួយ និងគាំទ្រដល់កុមារបានត្រឹមត្រូវ ពួកគេនឹងអាចរស់នៅ និងធើ្វកិច្ចការបានដោយឯករាជ្យដូចមនុស្សពេញវ័យដទៃទៀតដែរ។ 

តើសញ្ញាណនៃពិការភាពបញ្ញានៅក្នុងកុមារមានអ្វីខ្លះ?

មានសញ្ញាណខុសគ្នាជាច្រើននៃពិការភាពបញ្ញានៅក្នុងកុមារ។ សញ្ញាណទាំងនោះអាចនឹងលេចឡើងក្នុងពេលទារក ឬមិនទាន់អាចកត់សំគាល់បាន រហូតដល់កុមារឈានដល់អាយុចូលរៀន។ វាអាស្រ័យលើភាពធ្ងន់ធ្ងរនៃពិការភាព។ សញ្ញាណទូទៅមួយចំនួននៃពិការភាពបញ្ញាគឺ៖

  • មានបញ្ហាក្នុងការនិយាយ ឬចេះនិយាយ និងចេះដើរ យឺតបើធៀបទៅនឹងកុមារមានអាយុដូចគ្នា
  • យឺតយ៉ាវក្នុងការស្លៀកពាក់ និងញាំអាហារដោយខ្លួនឯង
  • ពិបាកក្នុងការចងចាំ
  • មានបញ្ហាអាកប្បកិរិយា ដូចជាមានកំហឹងខ្លាំង ឆាប់មួម៉ៅខ្លាំង
  • លំបាកជាមួយនឹងការដោះស្រាយបញ្ហា ឬការគិត
  • យឺតយ៉ាវក្នុងការរៀន
  • លំបាកជាមួយការគ្រប់គ្រងពេលវេលា និងប្រាក់

ចំពោះកុមារដែលមានពិការភាពបញ្ញាធ្ងន់ធ្ងរ អាចមានបញ្ហាសុខភាពផ្សេងទៀតផងដែរ។ បញ្ហាទាំងនេះអាចរួមមាន ការប្រកាច់, Moon Disorder (ការថប់បារម្ភ, អូទីស្សឹមជាដើម), ការចុះខ្សោយនៃជំនាញម៉ូតូ (Motor Skill)  ឬបញ្ហានៃការស្តាប់ (Hearing problem) ។

តើអ្វីបណ្តាលឱ្យពិការបញ្ញា?

មូលហេតុទូទៅបំផុតនៃពិការភាពបញ្ញាគឺ៖

  •  កត្តាហ្សែន (Genetic conditions)
  •  បញ្ហានៅពេលមានផ្ទៃពោះ (Problems during pregnancy)  បញ្ហារំខានដល់ការអភិវឌ្ឍ ខួរក្បាលរបស់ទារក រួមមានការសេពគ្រឿងស្រវឹង ឬការប្រើប្រាស់គ្រឿងញៀន កង្វះអាហារូបត្ថម្ភ ការឆ្លងមេរោគមួយចំនួន ។
  • បញ្ហាក្នុងពេលសំរាកកូន (Problems during childbirth) ពិការភាពបញ្ញាអាចបណ្តាលមកពីទារកត្រូវបានខ្វះអុកស៊ីសែនក្នុងកំឡុងពេលសម្រាលកូន ឬកើតមិនគ្រប់ខែ។ 
  •  មានជំងឺ ឬមានរបួស (Illness or injury)ការឆ្លងដូចជា ជំងឺរលាកស្រោមខួរ ក្អកមាន់ អាចបណ្តាលឱ្យមានពិការភាពបញ្ញា។ ការរងរបួសធ្ងន់ធ្ងរក្បាល, លង់ទឹក កង្វះអាហារូបត្ថម្ភ ការឆ្លងមេរោគនៅក្នុងខួរក្បាល ។ ការប៉ះពាល់នឹងសារធាតុពុល ដូចជាសំណ និងការរំលោភបំពានធ្ងន់ធ្ងរអាចបណ្តាលឱ្យមានពិបាកភាពបញ្ហាផងដែរ។.
  •  None of the above ២ ភាគ ៣ នៃកុមារទាំងអស់ដែលមានពិការភាពផ្នែកបញ្ញា គេមិនទាន់ដឹងមូលហេតុនៅឡើយទេ។

កត្តា ៣ យ៉ាងក្នុងការធ្វើរោគវិនិច្ឆ័យពិការភាពបញ្ញា៖ 

  • ពិភាក្សាលំអិតជាមួយឪពុកម្តាយអំពីការលូតលាស់របស់កុមារ 
  • ការសង្កេតទៅលើកុមារ
  • ការសាកល្បងបញ្ញា និងអាកប្បកិរិយា។ 

កុមារត្រូវបានគេចាត់ទុកថាពិការខាងបញ្ញា ប្រសិនបើពួកគេមានកង្វះទាំង IQ និងឥរិយាបថសម្របខ្លួន។ 

បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យនៃពិការភាពបញ្ញា ក្រុមជំនាញនឹងវាយតម្លៃពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កុមារ។ នេះជួយពួកគេកំណត់ថា តើការគាំទ្រអ្វីខ្លះដែលកុមារត្រូវការដើម្បីទទួលបានជោគជ័យនៅផ្ទះសាលារៀន និងសហគមន៍របស់ពួកគេ។

តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីជួយដល់កុមារពិការបញ្ញារបស់ខ្ញុំ?

ជំហានដើម្បីជួយកុមារពិការបញ្ញារបស់អ្នករួមមាន៖

  • ស្វែងយល់ព័ត៍មាន និងចំណេះដឹងគ្រប់យ៉ាងទាក់ទងនឹងការពិការភាពបញ្ញា ជាជំនួយគាំទ្រកុមារបានត្រឹមត្រូវ
  • ជំរុញ លើកទឹកចិត្តកុមារអោយមានភាពឯករាជ្យលើខ្លួនឯង។ ផ្តល់ឪកាសអោយកុមាររៀនអី្វដែលថ្មី និងលើកទឹកចិត្តពួកគេធើ្វកិច្ចការដោយខ្លួនគេ។  ផ្តល់ការណែនាំនៅពេលដែលត្រូវការ ហើយផ្តល់យោបល់វិជ្ជមាន នៅពេលកូនរបស់ អ្នកធ្វើអ្វីមួយល្អ ឬពួកគេអាចបង្កើតអ្វីដែលថ្មី។
  • អោយកុមារចូលរួមកិច្ចការជាក្រុម ដើម្បីអោយកុមារអាចបង្កើតនូវជំនាញសង្គមល្អ។ 
  • ចូលរួមជានិច្ច តាមរយៈការទាក់ទងគ្រូរបស់កុមារ អ្នកនឹងអាចតាមដានកម្មវិធីសិក្សារបស់កុមារ និងពង្រឹងអ្វីដែលកូនអ្នកកំពុងរៀននៅសាលា តាមរយៈការអនុវត្តនៅផ្ទះ។

ស្គាល់ និងមានទំនាក់ទំនងជាមួយឪពុកម្តាយដទៃទៀតដែលមានកុមារ ដែលមានកុមារពិការភាពបញ្ញា។ ពួកគេអាចជាប្រភពនៃដំបូន្មាន និងការគាំទ្រខាងផ្លូវចិត្ត។

វិធីសាស្រ្តអប់រំពិសេសដើម្បីជួយកុមារដល់ការរៀននៅផ្ទះ

ការរៀននៅផ្ទះអាចនឹងមានការពិបាកសម្រាប់គ្រួសារទាំងអស់គ្នា ជាពិសេស គឺក្រុមគ្រួសារដែលមានកុមារពិការភាព ឬកុមារដែលមានតម្រូវការអប់រំពិសេស។ ខាងក្រោមនេះ គឺជាគន្លឹះ និងការណែនាំថសាមញ្ញាមួយចំនួនដែលអាព្យាបាលអាចបង្រៀនកុមារបានពីអ្នកជំនាញអប់រំពិសេស ដើម្បីធ្វើអោយកាន់តែមានភាពងាយស្រួលក្នុងការជួយកុមារ :

  • ការបង្កើតទម្លាប់

កុមារដែលមានតម្រូវការពិសេសច្រើនតែមានរចនាសម្ព័ន្ធ និងទម្លាប់ជាប់លាប់។ ដូច្នេះការរៀបចំកាលវិភាគប្រចាំថ្ងៃអោយពួកគេជាផ្នែកមួយសំខាន់ផងដែរ ដែលជួយអោយកុមារដឹងពីសកម្មភាពដែលខ្លួនគេត្រូវធើ្វ។ នេះនឹងជួយឱ្យពួកគេមានអារម្មណ៍ ងាយស្រួល នឹងមិនសូវមានអារម្មណ៍តានតឹង។

  • ប្រើប្រាស់សំភារ:ដែលអ្នកមាននៅផ្ទះ

អាព្យាបាលអាចបង្រៀនកុមារនូវពាក្យថ្មីៗដោយការអោយកុមារស្វែងរកវត្ថុនៅជុំវិញផ្ទះ។ កុមារទំនងជានិយាយតាម និងចងចាំឈ្មោះវត្ថុទាំងនោះ។ ឪពុកម្តាយអាចនិយាយទៅកុមារ នឹងសួរកុមារទាក់ទងនឹងអី្វដែលកុមារកំពុងមើល។ ឧទាហរណ៍ ប្រសិនកុមារកំពុងសំលេងមើលផ្លូវថ្នល់ អ្នកអាចសួរសំណួរងាយៗទៅកុមារ ដូចជាឡានមានពណ៍អី្វ? ដើម្បីបណ្តុះនូវការគិតរបស់កុមារ។ ជួយកុមារអោយមានការឯករាជ្រលើខ្លួនឯង ដូចជាបង្រៀនអោយគេធើ្វកិច្ចការងាយៗដោយខ្លួនគេ​ ដូចជា រៀបចំអាហារ សំអាត។

 

  • យល់ពីអារម្មណ៍កុមារ

កុមារនឹងមិនអាចសិក្សាបានទេប្រសិនពួកគេមានអារម្មណ៍តានតឹង។ ជាពិសេស គឺកុមារអូទីស្សឹម ពួកគេមានលំបាកក្នុងការយល់ និងវិធីដោះស្រាយ ដែលទាំងអស់នេះធើ្វអោយកុមារមានការថប់បារម្មណ៍ ហើយកុមារនឹងបង្ហាញនូវអាកប្បកិរិយាអវិជ្ជមាន។ ការនិយាយជាមួយកុមារអំពីអារម្មណ៍ពួកគេ ក៏អាចជួយអោយកុមារកាត់បន្ថយអារម្មណ៍ និងសកម្មភាពអវិជ្ជមានរបស់ពួកគេ។ ឪពុកម្តាយ និងកុមារនឹងមានអារម្មណ៍ងាយស្រួលក្នុងការបង្រៀននៅផ្ទះ។

 

តើមានអ្វីកើតឡើងនៅពេលកុមារគេងមិនបានគ្រប់គ្រាន់?

ការគេងអោយបានត្រឹមត្រូវ និងគ្រប់គ្រាន់ គឺមានសារៈសំខាន់សម្រាប់ការលូតលាស់រាងកាយ និងសុខុមាលភាពរបស់កុមារ។ ស្វែងយល់ទាំងអស់គ្នាថាតើការគេងរបស់កុមារត្រូវការប៉ុន្មានម៉ោងដែលត្រឹមត្រូវ ហើយមានផលប៉ះពាល់អី្វខ្លះប្រសិនការគេងរបស់កុមារមិនបានគ្រប់គ្រាន់។

តើការគេងមានសារៈសំខាន់អី្វខ្លះ?

សម្រាប់រាងកាយដែលកំពុងលូតលាស់ ការគេង គឺមានសារៈសំខាន់ ដូចអាហារូបត្ថម្ភដែលផ្តល់អោយកុមារ និងការហាត់ប្រាណផងដែរ។ 

ការគេង មានសារសំខាន់សម្រាប់សុខភាព ការអភិវឌ្ឍ និងសុខុមាលភាពរបស់កុមារ។ វាជួយឱ្យពួកគេមានសុខភាពល្អ រៀនពូកែ និងធើ្វកិច្ចការបានល្អនៅសាលា។ ការគេងលក់ស្កប់ស្កល់ ធ្វើអោយប្រសើរឡើងនូវមុខងារខួរក្បាល និងសុខភាពផ្លូវចិត្តរបស់កុមារ។

ក្មេងគ្រប់វ័យត្រូវការគេងឱ្យបានគ្រប់គ្រាន់ ដូច្នេះពួកគេអាចលេង រៀន និងផ្តោតអារម្មណ៍ធើ្វកិច្ចការរបស់ពួកគេនៅពេលថ្ងៃ។

ការគេងមិនបានគ្រប់គ្រាន់អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់កុមារ ដូចជា អាកប្បកិរិយា និង​ខាងផ្លូវចិត្ត ។

តើកុមារត្រូវការគេងប៉ុន្មានម៉ោង?

ចំនួនម៉ោងនៃការគេង គឺខុសៗគ្នាទៅតាមអាយុរបស់ពួកគេ។ 

  • 0-11 ខែកុមារត្រូវការគេង 14 ទៅ 18 ម៉ោងក្នុង១ថ្ងៃ
  • 1-2 ឆ្នាំ កុមារត្រូវការគេង 10 ទៅ 14 ម៉ោងក្នុង១ថ្ងៃ
  • 3-5 ឆ្នាំ កុមារត្រូវការគេង 10 ទៅ 13 ម៉ោងក្នុង១ថ្ងៃ
  • 6-13 ឆ្នាំ កុមារត្រូវការគេង 9 ទៅ 10 ម៉ោងក្នុង១ថ្ងៃ
  • 14-18 ឆ្នាំ កុមារត្រូវការគេង 8 ទៅ 9 ម៉ោងក្នុង១ថ្ងៃ

តើកុមារមានផលប៉ះពាល់អី្វខ្លះប្រសិនពួកគេគេងមិនបានគ្រប់គ្រាន់?

នៅពេលដែលកុមារគេងមិនបានគ្រប់គ្រាន់ក្នុងរយៈពេលណាមួយ រោគសញ្ញាអាកប្បកិរិយា ការយល់ដឹង និងផ្លូវចិត្ត ខាងក្រោមអាចកើតឡើង។

  • ងងុយគេងពេលថ្ងៃ
  • បញ្ហាជាមួយនឹងការសិក្សា និងសង្គម
  • ឆាប់ខឹង និងអារម្មណ៍មិនល្អ
  • ផ្គង់អារម្មណ៍រយៈពេលខ្លី
  • ការភ្លេចភ្លាំងកើនឡើង
  • ប៉ះពាល់ដល់ការរៀនសូត្រ
  • កង្វះចំណាប់អារម្មណ៍ និងការលើកទឹកចិត្តខ្លួនឯង
  • ការលំបាកក្នុងការរៀន និងចាប់យកព័ត៌មានថ្មីៗ
  • លំបាកក្នុងការគ្រប់គ្រងអារម្មណ៍
  • ចុះខ្សោយប្រព័ន្ធភាពស៊ាំ
  • ការអត់ធ្មត់មានកំរិតទាប
  • ភាពតានតឹងកើនឡើង
  • សុខភាពផ្លូវចិត្តចុះខ្សោយ

វិធីសាស្រ្តជួយកុមារអោយមានទម្លាប់គេងល្អ

  • ជួយជំរុញកុមារអោយហាត់ប្រាណទៀងទាត់
  • បិទគ្រឿងអេឡេត្រូទិច​ ៣០នាទី មុនពេលចូលគេង
  • និយាយជាមួយពួកគេអំពីការគេង និង គុណប្រយោជន៍នៃការគេងគ្រប់គ្រាន់ 
  • ជួយកុមារគេងអោយបានគ្រប់គ្រងតាមអាយុរបស់កុមារ
  • កំណត់ម៉ោងនៃការគេងរបស់កុមារ និងម៉ោងត្រូវក្រោក
  • បង្កើតទម្លាប់មុនពេលចូលគេងឱ្យបានទៀងទាត់ ដូចជា ងូតទឹក ដុសធ្មេញ បន្ទាប់មកអាន ឬធ្វើសមាធិ
  • បង្កើតបរិយាកាសក្នុងបន្ទប់គេងទៅតាមចំណូលចិត្ត ឬទម្លាប់របស់កុមារ (ងងឹត ត្រជាក់ ស្ងប់ស្ងាត់ និងគ្មានអេក្រង់)
  • ជៀសវាងអាហារ និងភេសជ្ជៈដែលមានជាតិស្ករ 2-3 ម៉ោងមុនពេលចូលគេង ដើម្បីជួយឱ្យពួកគេសម្រាកបានស្រួល។

តើកុមារគួរចំណាយពេលប៉ុន្មានក្នុងការអាន?

កុមារអានកាន់តែច្រើន ពួកគេនឹងអភិវឌ្ឍខ្លួនក្លាយជាអ្នកចូលចិត្តអានសៀវភៅ និងស្រាវជ្រាវ។ ជារឿយៗ ការណែនាំសម្រាប់កុមារទើបតែចាប់ផ្តើមអាន គឺត្រូវចំណាយពេល ១៥ ឬ ២០ នាទី ដើម្បីអានជារៀងរាល់ថ្ងៃ ។  យ៉ាងណាក៏ដោយពេលវេលានៃការអានរបស់កុមារ គឺសំខាន់បំផុត ។ ប្រសិនបើកុមារចំណាយពេល ២០ នាទីអានសៀវភៅដែលពិបាកខ្លាំង កុមារនឹងអានបានតិច (បើនិយាយពីចំនួនពាក្យដែលកុមារអាចអានបាន) ជាង កុមារដែលចំណាយពេល ២០ នាទី ដូចគ្នាអានសៀវភៅដែលមានពាក្យងាយៗ។

សូមកត់សម្គាល់ថា ប្រសិនបើកុមារចាប់អារម្មណ៍ និងរីករាយនឹងអ្វីដែលពួកគេកំពុងអាន ឪពុកម្តាយគួរលើកទឹកចិត្តអោយកុមារអានបន្ថែមទៀត។ ទោះយ៉ាងណាក៏ដោយ សូមកុំអោយកុមារចំណាយពេលអានច្រើនពេក កុមារនឹងចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់។

សូមចាំថា កុមារដែលទើបចាប់ផ្តើមអានសៀវភៅ ពួកគេមិនចាប់អារម្មណ៍ក្នុងការអានតែម្នាក់ឯងនោះទេ។ ការចំណាយពេលវេលាដើម្បីស្តាប់កុមារអានសៀវភៅជារៀងរាល់ថ្ងៃ គឺជាការសំខាន់ណាស់។ ដូចគ្នានេះផងដែរ នៅដំណាក់កាលដំបូងនៃការរៀនអាន គឺការអានត្រូវការថាមពល និងការផ្តោតអារម្មណ៍។ ដូច្នេះ ជាផ្នែកមួយដែលសំខាន់ផងដែរ កុមារត្រូវការកន្លែងអានដែលស្ងៀមស្ងាត់ និងបរិយាកាសល្អ មិនមានសម្លេងរំខាន។

Reference

https://isaprofessionaldevelopment.org/documents/parent-booklet/PB-Q12.pdf

សំណួរ​និង​ចម្លើយ

តើវិធីសាស្រ្តព្យាបាលប្រភេទណាដែលត្រូវសម្រាប់ខ្ញុំ?

អ្នកមិនចាំបាច់ជ្រើសរើសវិធីសាស្រ្តព្យាបាលនោះទេ។ ក្រុមអ្នកចិត្តសាស្រ្ត និងអ្នកផ្តល់យោបល់របស់យើងនឹងចាប់ផ្តើមដោយស្វែងយល់អំពីអ្នក និងបញ្ហាអ្វីខ្លះដែលត្រូវការជំនួយដើម្បីដោះស្រាយ។ ផ្អែកលើស្ថានភាពរបស់អ្នក ពួកយើងអាចណែនាំវិធីព្យាបាលពិសេស (ដែលអ្នកអាចអានបន្ថែមនៅទីនេះ) Link សេវាកម្មរបស់យើង

ឬការព្យាបាលផ្សេងៗទៀត ឬអ្នកអាចទាក់ទងមកកាន់ក្រុមការងារ ខេស៊ីភេអេស ដើម្បីពិភាក្សាអំពីដំណើរការនៃការព្យាបាលរបស់អ្នក តាមរយៈ Link ខាងក្រោម

http://khmer-cps.com/kh/contact-us/

 

តើសេវាកម្មមានតម្លៃប៉ុន្មាន?

គ្រប់សេវាកម្មរបស់យើងមានតម្លៃផ្សេងៗគ្នា។ ខេស៊ីភី ផ្តល់តម្លៃសេវាកម្មល្អ និងជួយអតិថិជនខ្ពស់ជាងប្រាក់ចំណេញ ដូច្នេះយើងនឹងព្យាយាមរក្សាតម្លៃឱ្យបានសមរម្យសម្រាប់អតិថិជនទាំងអស់។ យើងផ្តល់ការបណ្តុះបណ្តាល និងសេវាកម្មបន្ថែមដល់អ្នកប្រើប្រាស់សេវាកម្មដែលមានស្រាប់ដោយឥតគិតថ្លៃ ឬក្នុងការបញ្ចុះតម្លៃ។ យើងមានគោលបំណងទៅលើសេវាដែលឈានមុខគេ និងមានតម្លាភាពអំពីតម្លៃសេវាកម្ម។

ឬអាចទាក់ទងមកពួកយើង តាម Link ដើម្បីដឹងកាន់តែលំអិតអំពីតម្លៃសេវាកម្មផ្សេងៗរបស់យើង http://khmer-cps.com/kh/contact-us/ 

  • ខេស៊ីភេអេសយើងមានកម្មវិធីសិក្សាសម្រាប់កុមារពេញមួយថៃ្ង និងកន្លះថ្ងៃ
  • វគ្គពិគ្រោះយោបល់រយៈពេល ១ ម៉ោង
  • វគ្គបណ្តុះបណ្តាលតាមអុីនធឺណេត
  • ការបណ្តុះបណ្តាលឪពុកម្តាយប្រចាំខែ
  • ការបន្តការប្រឹក្សាយោបល់
  • ការបណ្តុះបណ្តាលជាលក្ខណះឯកជន

 

គ្រួសាររបស់ខ្ញុំនឹងរងភាពអាម៉ាស់ដែរឬទេ ប្រសិនខ្ញុំមានបញ្ហាផ្លូវចិត្ត?

ក្រុមអ្នកផ្តល់ប្រឹក្សារបស់យើង គឺជាជនជាតិខែ្មរ ឬបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយះពេលជាច្រើនឆ្នាំ។ យើងយល់ពីផលប៉ះពាល់ដែលគ្រួសារ សហគមន៍ និងវប្បធម៌មានលើសុខុមាភាពរបស់យើង។ ខណៈពេលដែលយើងណែនាំអោយបង្កើតប្រព័ន្ធគាំទ្រភាពខ្លាំង ការរក្សាការសម្ងាត់ គឺជាចំនុចសំខាន់នៃក្រមសីលធម៌របស់យើងនៅ ខេស៊ីភីអេស។ មិនមាននរណាម្នាក់នឹងដឹងថាអ្នកចូលរួមក្នុងការប្រឹក្សា ឬអ្វីដែលបានពិភាក្សានៅក្នុងវគ្គរបស់អ្នកទេ លើកលែងតែអ្នកប្រាប់ពួកគេ។

 

តើបញ្ហានេះដោះស្រាយចប់នៅពេលណា?

មិនមានវិធីដើម្បីដឹងថា តើបញ្ហានឹងមានរយៈពេលប៉ុន្មានទេ។ ការព្យាបាលមិនមែនជាការព្យាបាលជាភ្លាមៗទេ ប៉ុន្តែការព្យាបាលអាចនឹងល្អប្រសើរ ប្រសិនអ្នកទទួលយកការជួយ មិនយូរមិនឆាប់អ្នកនឹងជាសះស្បើយ។ បញ្ហាផ្លូវចិត្តមួយចំនួន (ឧទាហរណ៍ អូទីស្សឹម) គឺជាស្ថានភាពមួយដែលមានអាយុកាលយូរអង្វែង ប៉ុន្តែប្រសិនឆាប់មានការធ្វើអន្តរាគមន៍អាចកាត់បន្ថយផលប៉ះពាល់បានពេញមួយជីវិត។ 

បញ្ហាផ្សេងទៀត (ឧទាហរណ៍ ការធ្លាក់ទឹកចិត្ត) អាចកើតមានហើយ ម្តងម្កាល។ សម្រាប់ជំងឺផ្សេងទៀតដែលជាសះស្បើយ  (ឧទាហរណ៍ ការគេងមិនលក់) ប្រសិនមានការគាំទ្រត្រឹមត្រូវ។

អ្នកអាចស្វែងរកព័ត៍មានបន្ថែមទៀតតាមគេហទំព័ររបស់យើង​ http://khmer-cps.com/kh/ 

ឬអាចទាក់ទងមកយើងតាម link  http://khmer-cps.com/kh/contact-us/

 

 

សេវាកម្មរបស់យើង

 

ការប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត

ការព្យាបាលតម្រូវអោយមានទីតាំង ឬកន្លែងដែលសុវត្ថិភាព និងរក្សាការសម្ងាត់ ។ អ្នកអាចនិយាយ ឬប្រឹក្សាជាមួយអ្នកជំនាញអំពីអារម្មណ៍ និងទុក្ខកង្វល់របស់អ្នក។ អ្នកអាចនិយាយអំពីព្រឹតិ្តការណ៍រន្ធត់ ឬតានតឹងដែលកើតមានក្នុងជីវិតរបស់អ្នក បញ្ហាទំនាក់ទំនង និងចិត្តរំភើបរបស់អ្នក។ ឬអ្នកមានគំនិត ឬអាកប្បកិរិយាអវិជ្ជាមានដែលចង់ផ្លាស់ប្តូរ ដើម្បីអោយមានការល្អប្រសើរឡើងវិញ។ 

អ្នកព្យាបាលនឹងមិនផ្តល់ដំបូន្មាន ឬដោះស្រាយបញ្ហាជំនួសអ្នកទេ។ អ្នកព្យាបាលនឹងស្តាប់គ្រប់បញ្ហា និងរឿងរ៉ាវរបស់អ្នក និងជួយអ្នកអោយស្គាល់ខ្លួនឯង នឹងជួយជំរុញអ្នកអោយក្លាហ៊ានក្នុងការប្រឈមមុខនឹងបញ្ហាដើម្បីផ្លាស់ប្តូរបញ្ហាមកជាវិជ្ជមានវិញ។ ខេស៊ីភេអេស ក៏មានក្រុមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តដែលអាចផ្តល់ការព្យាបាលជាលក្ខណៈបុគ្គល ក្រុម និងក្រុមគ្រួសារ។ ពួកគេនឹងផ្តល់ការព្យាបាល (ឬវិធីសាស្រ្តជាច្រើន) ដែលសមស្របនឹងស្ថានភាពរបស់អ្នក។

ការព្យាបាលអាកប្បកិរិយា

អាស្រ័យលើអាកប្បកិរិយាមិនចង់បាន ឬអាកប្បកិរិយាអវិជ្ជមានដែលឆើ្លយតបទៅនឹងបទពិសោធន៍អតីតកាល។ ពួកគេផ្តោតលើបញ្ហាបច្ចុប្បន្ន ហើយមានគោលបំណងជួយអ្នករៀនឥរិយាបថវិជ្ជមានថ្មីៗ បន្ថែមទៀតដោយមិនចាំបាច់វិភាគពីអតីតកាល។ ការព្យាបាលអាកប្បកិរិយា គឺរួមបញ្ចូលនឹងការព្យាបាលពុទិ្ធ អាកប្បកិរិយា (Cognitive Behavioural Therapy) ដែលមានប្រសិទិ្ធភាពក្នុងការព្យាបាល ជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ស្រ្តេស ភ័យខ្លាច ជំងឺគិត​ និងធើ្វដដែលៗ ការញៀន វិបត្តិនៃការហូប។

ការព្យាបាលតាមបែបពុទិ្ធ អាកប្បកិរិយា​ Cognitive Behavioural Therapy (CBT)

គោលបំណងក្នុងការព្យាបាលតាមបែបពុទ្ធិ អាកប្បកិរិយានេះ គឺជួយអ្នកអោយផ្លាស់ប្តូររបៀបដែល អ្នកគិត (ពុទិ្ធ) ​និងអី្វដែលអ្នកធើ្វ (អាកប្បកិរិយា) ជាជាងមើលទៅលើមូលហេតុដែលកើតមានក្នុងអតីតកាល រួចផ្តោតលើបញ្ហាបច្ចុប្បន្ន និងដំណោះស្រាយជាក់ស្តែងដើម្បីជួយអ្នកអោយមានអារម្មណ៍ល្អឡើងវិញ។

Integrative counselling

គិតពីតម្រូវការផ្លូវចិត្ត រាងកាយ និងអារម្មណ៍របស់អ្នក។ អ្នកព្យាបាលមានគោលបំណងដើម្បីកសាងទំនាក់ទំនងដែលគួរឱ្យទុកចិត្ត និងមិនវិនិច្ឆ័យ ដើម្បីជួយអ្នកអភិវឌ្ឍការយល់ដឹងដោយខ្លួនឯង។ នៅពេលដែលអ្នកយល់ពីមូលហេតុនៃកង្វល់របស់អ្នក អ្នកអាចកំណត់គោលដៅប្រកបដោយទំនុកចិត្ត និងអភិវឌ្ឍអាកប្បកិរិយាថ្មីៗដើម្បីបង្កើនការពេញចិត្តនឹងជីវិតរបស់អ្នក។

ការព្យាបាលទំនាក់ទំនង (Relationship therapy) លើកទឹកចិត្តឱ្យភាគីនៅក្នុងទំនាក់ទំនងស្គាល់ពីលំនាំនៃភាពតានតឹងម្តងហើយ ម្តងទៀត យល់ និងគ្រប់គ្រងភាពខុសគ្នានៃបញ្ហាដែលពួកគេកំពុងជួបប្រទះ។ ទំនាក់ទំនងទាំងនេះ អាចជាប់ទាក់ទងនឹង សមាជិកក្រុមគ្រួសារ ដៃគូ ឬអ្នករួមការងារ។ 

ការព្យាបាលលក្ខណ:គ្រួសារ Family therapy 

ការមើលទៅលើរចនាសម្ព័ន្ធនៅក្នុងគ្រួសារ ទំនាក់ទំនង ។ ការព្យាបាលនេះផ្តល់អោយសមាជិកគ្រួសារម្នាក់ៗ បញ្ចេញនូវការគិត​ និងចិត្តរំភើប ដើម្បីជួយអោយពួកគេស្វែងយល់ពីទស្សន: និងតម្រូវការគ្នាទៅវិញទៅមក និងកសាងភាពខ្លាំងរបស់ពួកគេ។ ការព្យាបាលនេះអាចជួយសំរួលបញ្ហាជាច្រើន ដែលជះឥទ្ធិពលដល់គ្រួសារ ជួយមនុស្សឱ្យធ្វើការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនង និងជីវិតរបស់ពួកគេ។ 

សេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត

សាលាអប់រំពិសេស ខេស៊ីភីអេស បានបើកដំណើរការដំបូងនៅខែ កក្កដា ឆ្នាំ ២០១៩ ។ ការបង្កើតឡើងនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារដែលមិនអាចចូលរៀនបាន។ ការចុះឈ្មោះចូលរៀនដំបូងមានសិស្ស ៦ នាក់គាំទ្រដោយគ្រូ ៤ នាក់។ បន្ទាប់ពីរយៈពេល ៦ ខែ ចំនួនសិស្សមានចំនួនច្រើនជាងបីដង ដែលទាមទារឱ្យមានបុគ្គលិកច្រើន និងអគារសិក្សាធំជាងមុន។ នៅខែមករាឆ្នាំ ២០២០ សាលាអប់រំពិសេស ខេស៊ីភីអេស បានផ្លាស់ប្តូរទៅទីតាំងបច្ចុប្បន្ននៅទួលទំពូង។

អ្នកទាំងគ្នានៅ ខេស៊ីភីអេស ជឿជាក់ថាកុមារទាំងអស់សមនឹងទទួលបានការអប់រំល្អ ដោយមិនមែនជា ជំងឺផ្លូវចិត្ត ឬពិការភាពឡើយ។ យើងមានជំនាញខាងអប់រំពិសេស ដែលភាគច្រើននៃកូនសិស្ស របស់យើង ត្រូវបានធ្វើរោគវិនិច្ឆ័យ ថាជាអូទីស្សឹម និង ADHD ។ មេរៀនត្រូវបានធើ្វឡើង និងបង្រៀនដោយគ្រូបរទេសដែលមានជំនាញអប់រំពិសេស និងជំនួយការខ្មែរដែលត្រូវបាន បណ្តុះបណ្តាលបានយ៉ាងត្រឹមត្រូវ។

កម្មវិធីសិក្សាររបស់យើងមានកន្លះថ្ងៃ និងពេញមួយថ្ងៃ។ ការគាំទ្រ និងវគ្គបង្រៀនឯកជនក៏មានផងដែរ។ នៅពេលដែលសិស្សចុះឈ្មោះចូលរៀននៅសាលាមួយផ្សេងទៀត ខេស៊ីភីអេស ធ្វើការនៅតាមសាលារៀនដើម្បីរៀបចំកម្មវិធីល្អបំផុតសម្រាប់កុមារ។

កម្មវិធីសិក្សាមានភាពបត់បែនទៅតាមសិស្សនីមួយៗ ហើយត្រូវបានកែសម្រួលដើម្បីឆ្លើយតប នឹងតម្រូវការរបស់សិស្ស។ មុខវិជ្ជាពាក់ព័ន្ធនឹងបរិបទខែ្មរត្រូវបានបង្រៀនជារៀងរាល់ថ្ងៃ រួមជាមួយជំនាញទំនាក់ទំនងសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ។ សិស្សមួយចំនួនចូលរួមកម្មវិធីសិក្សា ទាក់ទងនឹងញ្ញាណដោយមានអន្តរកម្មដែលពឹងផ្អែកខ្លាំងអនុវត្តដោយគ្រូ។ កុមារដែលរឯករាជ្យកាន់តែ មានលទ្ធភាពទទួលបានមេរៀនតាមរយៈសកម្មភាពផ្សេង ការចូលរួម និងសំភារៈផ្សេងៗ។ សិស្សក៏ត្រូវបានបង្រៀនជាក្រុមតូចៗ ដើម្បីអភិវឌ្ឍជំនាញសង្គម និងការផ្តោតអារម្មណ៍របស់ពួកគេ។

ឪពុកម្តាយត្រូវបានជូនដំណឹងអំពីការអភិវឌ្ឍកូនៗរបស់ពួកគេ ។ គ្រូនឹងធើ្វការវាយតំលៃសិស្សរៀងរាល់ ៣-៦ ខែម្តង។ របាយការណ៍ជានឹងផ្តល់អោយឪពុកម្តាយ ដោយផ្តោតលើផ្នែកសំខាន់ៗនៃការរៀនសូត្រ ការអភិវឌ្ឍសង្គម និងអន្តរកម្ម ដូចជាដំណើរការនៃញ្ញាណ។ ឪពុកម្តាយត្រូវបានអញ្ជើញឱ្យទៅជួបជាមួយគ្រូដើម្បីពិភាក្សាអំពីការវាយតម្លៃ និងផ្តល់យោបល់សម្រាប់គោលដៅបន្ទាប់របស់កុមារ។

សេវាកម្មគាំទ្រសម្រាប់គ្រួសារកុមារដែលមានតម្រូវការពិសេសអាចរកបាន។ ខេស៊ីភីអេស  ជឿជាក់ថាការអប់រំ គឺជាការសហការគ្នារវាងគ្រូ អ្នកព្យាបាល និងឪពុកម្តាយ។ សាលាបានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នឪពុកម្តាយជាទៀងទាត់ និងព័ត៌មាន។ ទាំងនេះមានប្រធានបទជាច្រើនដែលទាក់ទងនឹងវិធីសាស្រ្តបង្រៀនប្រកបដោយភាពច្នៃប្រឌិត ដូចជាការណែនាំអំពីការប្រើបង្គន់។

នៅពេលអនាគត សាលាអប់រំពិសេស ខេស៊ីភីអេស  មានបំណងរៀបចំ និងផ្តល់កម្មវិធីបណ្តុះបណ្តាល ជាផ្លូវការសម្រាប់អ្នកដែលគាំទ្រកុមារដែលមានតម្រូវការពិសេស។ 

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មអប់រំចិត្តរបស់យើងសូមទាក់ទងមកយើងខ្ញុំ។

ការបណ្តុះបណ្តាល ការអភិវឌ្ឍន៍ និងការស្រាវជ្រាវ

នៅ ខេស៊ីភេអេស ពួកយើងផ្តល់តម្លៃលើការអភិវឌ្ឍន៍ និងការសិក្សារបស់កុមារ ។

ការបណ្តុះបណ្តាល

ខេស៊ីភេអេស ផ្តល់ការបណ្តុះបណ្តាលនៅតាមផ្ទះដល់បុគ្គលិកទាំងអស់ ការប្រជំុំ និងត្រួតពិនិត្យ ការគាំទ្រ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ វគ្គបណ្តុះបណ្តាលជាក់លាក់ក៏ត្រូវបានសម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអាជីវកម្មផងដែរ។ ទាំងនេះរួមបញ្ចូលទាំងវគ្គខ្លី ណែនាំអំពីវិធីសាស្រ្តគាំទ្រដល់ ការប្រាស្រ័យទាក់ទងនៅក្នុងថ្នាក់រៀន និងការទំនាក់ទំនងតាម Internet ដោយការបង្កើតគេហទំព័រ។ លើសពីនេះទៅទៀត ខេស៊ីភេអេស លើកទឹកចិត្តដល់នយោជិក អោយបន្តបណ្តុះបណ្តាល ដូចជាការបង្រៀនលើផ្នែកអាកប្បកិរិយា ABA (Applied Behaviour Analysis) ។

ជាលទ្ធផល បុគ្គលិកជាន់ខ្ពស់ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់មិត្តរួមការងារ និងសមាជិកក្នុងសហគមន៍។ ពួកគេបានចែករំលែកចំណេះដឹងនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត សិក្ខាសាលា តាមអ៊ិនធឺរណែត និងការបណ្តុះបណ្តាលសម្រាប់ក្រុមគ្រួសាររបស់ KCPS ។

ការអភិវឌ្ឍន៍

ការធ្វើការជាមួយ ខេស៊ីភេអេស គឺជួយបង្ហាញឱ្យឃើញសម្រាប់បុគ្គលម្នាក់ៗ ដើម្បីបន្តអាជីពរបស់ពួកគេ។ ក្នុងនោះមានឱកាសជាច្រើនសម្រាប់បុគ្គលិកដើម្បីពង្រីកជំនាញរបស់ពួកគេ និងទទួលបានបទពិសោធនៅក្នុងវិស័យផ្ទាល់ខ្លួន។ បច្ចុប្បន្ននេះនិយោជិកមួយចំនួនកំពុងប្រើប្រាស់អភិវឌ្ឍន៍ជំនាញរបស់ពួកគេក្នុងការបកប្រែ ការធ្វើទីផ្សារ និងការថតរូប។ អតីតបុគ្គលិករបស់ពួកយើងបន្តទទួលបានការងារបន្ថែមនៅក្នុងវិស័យអប់រំ និងសុខាភិបាល។

ខេស៊ីភេអេស  ធ្វើការឆ្ពោះទៅការផ្លាស់ប្តូរ ការយល់ដឹង ការទទួលយក និងការកាត់បន្ថយការរើសអើងនៃអ្នកជំងឺផ្លូវចិត្តនៅក្នុងសង្គមកម្ពុជា។ ទន្ទឹមនឹងការផ្តល់វគ្គបណ្តុះបណ្តាលសាធារណៈ ខេស៊ីភេអេស លើកទឹកចិត្តបុគ្គលិកឱ្យមានសកម្មភាពនៅក្នុងគម្រោងសហគមន៍ អង្គការ និងសមាគម។ នាយក ហឿ សេធុល  ជាប្រធានសមាគមអ្នកប្រឹក្សា និងចិត្តវិទ្យាកម្ពុជា (CACP) ក្នុងនោះក៏មាន គ្រូអប់រំពិសេស Kate Bowler ស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលបណ្តាញអប់រំពិសេស និង (SENIAC) ។

ការស្រាវជ្រាវ

នៅក្នុងកម្មវិធីសិក្សារបស់សាលា ខេស៊ីភេអេស គ្រូ និងជំនួយការគ្រូបង្រៀន ធើ្វការសង្កេត និងវាយតម្លៃទៅលើការរីកចំរើនរបស់សិស្សជារៀងរាល់ថៃ្ង។ ពួកគេធើ្វការសង្កេតបែបនេះ គឺដើម្បីធើ្វផែនការមេរៀន និងវិធីសាស្រ្តផ្សេងៗដើម្បីបង្រៀនកុមារ។ គ្រូក៏ធ្វើការវាយតម្លៃជាផ្លូវការ និងប្រើប្រាស់ទិន្នន័យដើម្បីវាយតម្លៃប្រសិទ្ធភាពនៃកម្មវិធីសិក្សារបស់កុមារ។  នេះមិនត្រឹមតែធានានូវការអប់រំល្អបំផុតសម្រាប់សិស្សរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងសង្ឃឹមថាយើងអាចប្រើវាជាគំរូតាង ដើម្បីជះឥទ្ធិពលដល់អ្នកធ្វើគោលនយោបាយកម្ពុជា ក្នុងការអនុវត្ត ក្រសួងអប់រំយុវជន និងកីឡា។ គោលនយោបាយស្តីពីការអប់រំសម្រាប់កុមារពិការស្របតាមគោលការណ៍ ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ និងគាំទ្រការអភិវឌ្ឍបន្ថែមនៃការបណ្តុះបណ្តាលការអប់រំនៅកម្ពុជា។

លើសពីនេះទៀត បន្ថែមការយល់ដឹងទូទាំងពិភពលោកនាពេលបច្ចុប្បន្នអំពីជំងឺផ្លូវចិត្ត និងចិត្តវិទ្យាដោយ  ការស្រាវជ្រាវ និងការសរសេរសៀវភៅ។

នៅ ខេស៊ីភេអេស យើងមានបំណងបន្តការអភិវឌ្ឍន៍វិជ្ជាជីវៈផ្ទាល់ខ្លួនរបស់យើង ក៏ដូចជាបន្ថែមនូវចំណេះដឹងនៅក្នុងវិស័យរៀងៗខ្លួន។ បុគ្គលិកជាន់ខ្ពស់ទាំងអស់មានមហិច្ឆិតាក្នុងការបន្តការសិក្សាថ្នាក់បណ្ឌិតនាពេលអនាគត។ ទន្ទឹមនឹងនេះ ខេស៊ីភេអេស កំពុងស្វែងរកថវិការសម្រាប់គម្រោងស្រាវជ្រាវ រួមមាន របៀបធ្វើរោគវិនិច្ឆ័យរបស់កុមារអូទីស្សឹមប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់សមាជិកគ្រួសារដទៃទៀត និងផលប៉ះពាល់ជាបន្តបន្ទាប់នៃវប្បធម៌នៅកម្ពុជា។

ការត្រួតពិនិត្យ និងការប្រឹក្សាយោបល់

ជាទូទៅអ្នកប្រឹក្សាទាំងអស់មិនថាមានបទពិសោធន៍ ឬទើបតែចាប់ផ្តើម នឹងទទួលបានពីការត្រួតពិនិត្យពីអ្នកជំនាញយ៉ាងទៀងទាត់។ អ្នកត្រួតពិនិត្យដើរតួជាអ្នកណែនាំ ផ្តល់ការគាំទ្រផ្នែកអារម្មណ៍ ក៏ដូចជាព័ត៌មាន និងការណែនាំផ្សេង។ អ្នកប្រឹក្សាដែលធ្វើការនៅក្នុងទីភ្នាក់ងារជំនួយ សង្ឃឹមថានឹងមានវគ្គត្រួតពិនិត្យដែល បានបង្កើតឡើងនៅក្នុងកាលវិភាគការងាររបស់ពួកគេ ប៉ុន្តែវាអាចត្រូវបានមើលរំលងដោយអ្នកដែលធ្វើការនៅក្នុងអង្គការផ្សេងទៀត ឬនៅក្នុងការអនុវត្តឯកជន។ ខេស៊ីភេអេស អាច ផ្តល់ការត្រួតពិនិត្យសម្រាប់អ្នកជំនាញសុខភាពផ្លូវចិត្តគ្រប់ប្រភេទ។

ក៏ដូចជាក្តីកង្វល់របស់អ្នកប្រឹក្សាយោបល់ អ្នកត្រួតពិនិត្យ ដូចជា ការចាប់ផ្តើមរោគសញ្ញា និងដើម្បីជួយអ្នកប្រឹក្សាយោបល់ក្នុងការដោះស្រាយ។

វាស្ថិតនៅក្នុងបរិបទនៃការត្រួតពិនិត្យដែលសិក្ខាកាមចាប់ផ្តើមអភិវឌ្ឍនូវវិជ្ជាជីវៈរបស់ពួកគេ ហើយពិនិត្យមើលជំនឿ និងអាកប្បកិរិយាផ្ទាល់ខ្លួនរបស់ពួកគេទាក់ទងនឹងអតិថិជន និងការព្យាបាល។

អ្នកប្រឹក្សាល្អនឹងដឹងច្បាស់ពីគុណតម្លៃ ជំនឿ ឥរិយាបថ និងភាពលំអៀងរបស់ខ្លួន។ ការដឹងអំពីពួកគេ កាត់បន្ថយគ្រោះថ្នាក់នៃផលប៉ះពាល់អវិជ្ជមាន ដល់ទំនាក់ទំនងពិគ្រោះយោបល់។ យើងទាំងអស់គ្នាប្រតិបត្តិការនៅក្នុងប្រព័ន្ធជំនឿផ្ទាល់ខ្លួន ប៉ុន្តែអ្នកប្រឹក្សាត្រូវចាំថាត្រូវធ្វើការជាមួយអតិថិជនរបស់ពួកគេតាមរបៀបមួយដែលស្របតាមតម្លៃរបស់អតិថិជន។

ដូចនៅក្នុងវិជ្ជាជីវៈទាំងអស់អ្នកផ្តល់ប្រឹក្សាត្រូវការអោយមានការកែលំអរចំណេះដឹង និងជំនាញរបស់ពួកគេជានិច្ច។ មានការអភិវឌ្ឍជាបន្តនៃបច្ចេកទេស យុទ្ធសាស្រ្ត និងគំរូនៃការព្យាបាលចិត្តសាស្ត្រ ។ ប្រសិនបើយើងធ្វេសប្រហែសក្នុងការបន្តដំណើរការរៀនសូត្រនេះ យើងជួយអតិថិជនរបស់យើងបានតិចតួចបំផុត។

ការពិភាក្សាវគ្គពិគ្រោះយោបល់ជាមួយអ្នកត្រួតពិនិត្យ និងទទួលបានមតិកែលម្អអាចឱ្យអ្នកប្រឹក្សាយោបល់ទទួលបានការយល់ដឹងអំពីគោលបំណង និងជំនាញរបស់ពួកគេ។ វាផ្តល់នូវឱកាសដើម្បីរៀន និងអនុវត្តជំនាញថ្មីៗ និងស្វែងរកមធ្យោបាយប្រសើរជាងមុនដើម្បីជួយអតិថិជន។ ការជជែកវែកញែក គឺជាធាតុសំខាន់មួយនៃទំនាក់ទំនងត្រួតពិនិត្យ ដែលអាចឱ្យអ្នកផ្តល់យោបល់មើលដោយមិនលំអៀងលើបញ្ហាដែលបានលើកឡើងនៅក្នុងវគ្គផ្តល់ប្រឹក្សា និងការឆ្លើយតបចំពោះពួកគេ។

ជួបក្រុម

លោក​ ហឿ សេធុល 

ជាអ្នកប្រឹក្សាផែ្នកចិត្តវិទ្យា និងជាអ្នកបងើ្គត KPCS ។ គាត់ទទួលបានការបណ្តុះបណ្តាលផ្នែក

ចិត្តវិទ្យាប្រឹក្សានៅសាកលវិទ្យាល័យ ដឺឡាសាល (DLSU) ក្នុងប្រទេសហី្វលីពីន។ លោកទទួលបាន បរិញ្ញបត្រផ្នែកចិត្តវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ លោកមានបទពិសោធន៍ការងារ ជាង ២០ឆ្នាំ ក្នុងជំនាញផ្នែកផ្លូវចិត្ត។

 

ឈុន រ៉ាដា

រ៉ាដា នាងបានទទួលបរិញ្ញាបត្រអនុបណ្ឌិតផ្នែកប្រឹក្សាជាលក្ខណ:គ្រួសារនៅសកលវិទ្យាល័យ California ក្នុងសហរដ្ឋអាមេរិក។ រ៉ាដា ជាអ្នកប្រឹក្សាឯកទេសដោយធើ្វការប្រឹក្សាជាលក្ខណ:ឯកជន ប្តីប្រពន្ធ ឬការប្រឹក្សាជាលក្ខណ:ក្រុមគ្រួសារ។

រ៉ាដា ក៏មានជំនាញធើ្វការជាមួយបុគ្គលដែលមានស្រ្តេស ថប់បារម្ភ ធ្លាក់ទឹកចិត្ត insecurities ការធ្លាក់ចុះខ្សេាយនៃការអោយតម្លៃលើខ្លួនឯង បាក់ស្បាត និងបញ្ហាពាក់ពន្ធនឹងផ្លូវចិត្តជាច្រើន ទៀត។ នាងបានធើ្វការនៅមជ្ឈមណ្ឌលផ្តល់ប្រឹក្សាចំនួន២កន្លែង ខណ:ដែលនាងកំពុងបញ្ចាប់ការ សិក្សាថ្នាក់អនុបណ្ឌិតរបស់នាង។ នាងក៏បានផ្តល់ប្រឹក្សាជាលក្ខណ:ឯកជន គ្រួសារ ប្តីប្រពន្ធ group psychotherapies ទៅសិស្ស និងក្រុមគ្រួសាររបស់ពួកគេនៅមជ្ឈមណ្ឌល 

Harmonium ហើយនាងក៏មានបទពិសោធន៍ធើ្វការ Union of Pan Asian Communities (UPAC) for the Children, Adolescent and Adult Mental Health Clinics in San Diego, California រយ:ពេលជាង ២ឆ្នាំ។

រ៉ាដា ទទួលបានបទពិសោធន៍នៃការធ្វើការនៅក្នុងអង្គការអន្តរជាតិនិងការបណ្តុះបណ្តាលផ្នែកអប់រំ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេសដែលបានផ្តល់ចំណេះដឹង និងជំនាញយ៉ាងទូលំទូលាយ ដល់នាងដើម្បីផ្តល់ការព្យាបាលចិត្តសាស្ត្រប្រកបដោយប្រសិទ្ធភាពដល់អតិថិជនរបស់នាង។

 

Kylie Johnson 

ជាអ្នកចិត្តសាស្រ្តជនជាតិអូស្រ្តាលី ដែលមានបទពិសោធន៍។ គាត់បានធើ្វការនៅប្រទេស កម្ពុជា អស់រយ:ពេលជាង ៣ឆ្នាំជាទីប្រឹក្សាបច្ចេកទេស របស់អង្គការក្រៅរដ្ឋាភិបាលជាច្រើនដែលក្រៅពី ការងារព្យបាលនាងបានផ្តល់ប្រឹក្សាយោបល់ការត្រួតពិនិត្យការណែនាំ និងការបណ្តុះបណ្តាល។ ក្នុងអំឡុងពេល ១៥ឆ្នាំនៃបទពិសោធន៍ Kylie រីករាយនឹងការងារនៅក្នុងកន្លែងជាច្រើនរួមមានការ អនុវត្តប្រឹក្សាឯក និងពន្ធនាគារ។

 

Kate Bowler 

ជាគ្រូបង្រៀនបឋមសិក្សាអប់រំពិសេសមកពីចក្រភពអង់គេ្លស។ Kate មានបទពិសោធន៍អប់រំ ពិសេសជាមួយកុមារដែលត្រូវបានគេធើ្វរោគវិនិច្ឆ័យថាមាន Autism។ Kate ក៏បានធើ្វការជាមួយ កុមារដែលទទួលបានការធើ្វរោគវិនិច្ឆ័យជាច្រើនផ្សេងទៀតផងដែរ។ Kate បានរកឃើញវិធី ជោគជ័យក្នុងការធើ្វការជាមួយកុមារដែលបង្ហាញពីបញ្ហាប្រឈមអាកប្បកិរិយាដោយប្រើ

បច្ចេកទេសវិភាគអាកប្បកិរិយា (ABA) ដែលត្រូវនឹងតម្រូវការរបស់កុមារម្នាក់ៗ។ គាត់ក៏មាន

លក្ខណះសម្បតិ្តគ្រប់គ្រាន់ក្នុងការប្រើការអត់ធ្មត់អហិង្សានៅក្នុងកាល:ទេស:លំបាកៗ និងទទួល រងសម្ពាធ។

 

អំពីក្រុមការងាររបស់យើង

KCPS មានគ្រូដែលមានទេពកោសល្យ និងចំណេះដឹងដើម្បីជួយសម្រួលដល់ការអប់រំពិសេស ទៅដល់កូនៗរបស់អ្នកដែលបានចុះឈ្មោះសិក្សាក្នុងកម្មវិធីអប់រំរបស់ពួកយើង។ ពួកគេទទួលបានការបណ្តុះបណ្តាលជាទៀងទាត់នៅក្នុងទ្រឹស្តីនៃការរៀន និងគរុកោសល្យ។ គ្រូគ្រប់រូបប្រើវិធីសាស្រ្តបង្រៀន និងសម្ភារៈថ្មីៗដើម្បីធ្វើឱ្យប្រាកដថាកុមារមានភាពសប្បាយរីករាយ ខណៈពេលដែលពួកគេអភិវឌ្ឍជំនាញ និងការយល់ដឹង។

អំពីពួកយើង

ការផ្តល់សេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្តរបស់យើងខ្ញុំ ប្តេជ្ញាផ្តល់ជូននូវសេវាកម្មដែលមាន គុណភាពល្អបំផុតដល់អតិថិជនដែលស្វែងរកការប្រឹក្សាយោបល់ ឬការព្យាបាលចិត្តសាស្ត្រ និងអ្នកដែលចាប់អារម្មណ៍ក្នុងការលូតលាស់អភិវឌ្ឍន៍ និងវិជ្ជាជីវៈ។

 

អំពីពួកយើង

ខេស៊ីភីអេស ត្រូវបានបង្កើតឡើងដោយក្រុមដែលមានការចាប់អារម្មណ៍ និងមានការប្តេជ្ញាចិត្ត ដែលមានបទពិសោធន៏ខ្ពស់ក្នុងការផ្តល់ការប្រឹក្សា ការប្រឹក្សាយោបល់ផ្នែកចិត្តសាស្រ្ត ការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវ។ ក្រុមការងាររបស់យើងបានធ្វើការ និងបណ្តុះបណ្តាលនៅក្រៅប្រទេសហើយស្វែងយល់ពីរបៀបសម្របខ្លួនទៅនឹងបរិបទនៃវប្បធម៌

ខ្មែរ។

 

ទស្សនវិស័យរបស់ពួកយើង

ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្តវិជ្ជមាន និងធនធានមនុស្សនៅកម្ពុជា។

 

បេសកម្មរបស់ពួកយើង

១. យើងផ្តល់ជូនការប្រឹក្សាជាលក្ខណៈបុគ្គល និងជាក្រុមសម្រាប់បញ្ហាផ្សេងៗ ដូចជាការធ្លាក់ទឹកចិត្ត ការថប់បារម្ភ ការថប់បារម្ភក្នុងសង្គម ជម្លោះអាពាហ៍ពិពាហ៍ ភាពទុក្ខព្រួយ បញ្ហាអាកប្បកិរិយា ការគ្រប់គ្រងភាពតានតឹង ការណែនាំអាជីពជាដើម។

២. យើងជួយមនុស្សឱ្យរីកចម្រើនក្នុងជីវិតផ្ទាល់ខ្លួន និងវិជ្ជាជីវៈតាមរយៈការផ្តល់ការអប់រំ និងការបណ្តុះបណ្តាលផ្នែកចិត្តសាស្រ្តលើប្រធានបទផ្សេងៗគ្នា (ឧទាហរណ៍ ការបង្កើតភាពជឿជាក់លើខ្លួនឯង និងទំនុកចិត្តលើខ្លួនឯង មូលដ្ឋានគ្រឹះនៃការប្រឹក្សាយោបល់ ការថែទាំខ្លួនឯង ជំនាញមូលដ្ឋានក្នុងការព្យាបាលការយល់ដឹងអាកប្បកិរិយា ឪពុកម្តាយ របៀបនៃការសប្បាយក្នុងសាលា។ ល។ )

៣. យើងផ្តល់ការត្រួតពិនិត្យ និងប្រឹក្សាយោបល់ដើម្បីជួយអ្នកជំនាញ (ឧទាហរណ៍​ អ្នកប្រឹក្សា អ្នកធ្វើការផ្នែកសង្គម អ្នកចិត្តវិទ្យា អ្នកព្យាបាលរោគជាដើម) ដែលមិនសូវមានបទពិសោធន៍ ដំណើរការក្នុងការជួយ ដោះស្រាយករណីលំបាកនិង  ឬមានអារម្មណ៍ថាគ្មានសមត្ថភាព ក្នុងការជួយអតិថិជនរបស់ពួកគេ។ ។

ហេតុអី្វត្រូវជ្រើសរើសយើង?

យើងជាក្រុមដែលមានបទពិសោធន៍ខ្ពស់ និងមានសមត្ថភាពផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលចិត្តសាស្ត្រ ការត្រួតពិនិត្យ ការបណ្តុះបណ្តាល ការលូតលាស់ និងវិជ្ជាជីវៈ និងការអប់រំចិត្តសាស្ត្រ។ យើងផ្តល់ជូននូវសេវាកម្មដែលមានគុណភាពល្អបំផុតតាមរយៈការអនុវត្ត និងការព្យាបាលផ្អែកលើភស្តុតាងក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់ និងគោរពអតិថិជនរបស់យើង។ យើងផ្តល់នូវការគិតវិជ្ជមានដោយឥតលក្ខខណ្ឌចំពោះអតិថិជនរបស់យើង។ ការរក្សាការសម្ងាត់គឺជាចំណុចស្នូលនៃក្រមសីលធម៌របស់យើង។