(855) 17 66 89 41 | (855) 96 73 51 736
ស្វែងយល់អំពីបញ្ហាអាកប្បកិរិយារបស់ក្មេងជំទង់ និងគន្លឹះដើម្បីដោះស្រាយ

ការដោះស្រាយបញ្ហាអាកប្បកិរិយាជាមួយក្មេងជំទង់ គឺមិនងាយស្រួលនោះទេ។ ប៉ុន្តែអ្នកអាចដោះស្រាយជាមួយពួកគេដោយភាពងាយស្រួល ប្រសិនបើ អ្នកមានឆន្ទៈក្នុងការខិតខំដើម្បីយល់អំពីបញ្ហាដែលពួកគេកំពុងប្រឈម និងអ្វីដែលពួកគេចង់បានពីអ្នក។

  • បញ្ហាអាកប្បកិរិយាទូទៅនៅរបស់ក្មេងជំទង់

អាកប្បកិរិយាប្រថុយប្រថានរបស់ក្មេងជំទង់ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងផ្លូវចិត្តត្រូវបានគេចាត់ទុកថាជាអាកប្បកិរិយារបស់ក្មេងជំទង់ដែលមានគ្រោះថ្នាក់។ ការយកចិត្តទុកដាក់លើកូនអ្នកអាចជួយអ្នកក្នុងការទប់ស្កាត់បញ្ហាមុនពេលដែលពួកគេមានគ្រោះថ្នាក់បាន។

  • ការរួមភេទ គ្រឿងស្រវឹង និងគ្រឿងញៀន

ក្មេងវ័យជំទង់យើងសង្កេតឃើញថាពួកគេជក់បារី គ្រឿងស្រវឹង គ្រឿងញៀន និងការរួមភេទមុនពេលឈានដល់អាយុស្របច្បាប់។ ការបំពានសារធាតុញៀន ជាញឹកញាប់អាចបណ្តាលឱ្យធ្លាក់ទឹកចិត្ត ខ្សោយថ្លើម និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។ 

ដំណោះស្រាយ

ក្មេងដែលស្ថិតក្នុងវ័យជំទង់ងាយប្រឡូកនឹងគ្រឿងស្រវឹង ដោយសារតែអំពើហឹង្សា ឬការរំលោភបំពាននៅផ្ទះ ការលែងលះរបស់ឪពុកម្តាយ ឬសម្ពាធពីមិត្តភក្ដិ។ វិធីសាស្រ្តនោះ គឺការនិយាយ និងពន្យល់ណែនាំពួកគេអំពីផលប៉ះពាល់ដែលអាចកើតឡើង។ សូមជៀសវាងការនិយាយដោយមិនសមរម្យ ឬជះកំហឹងទៅពួកគេ។ 

ក្មេងវ័យជំទង់ក៏ប្រឈមនឹងហានិភ័យនៃការផឹកស្រាដោយមិនដឹងខ្លួន។ ពេលខ្លះ ពួកគេយល់ថាការផឹកស្រានាពេលបច្ចុប្បន្ន គឺមានភាពពេញនិយមក្នុងចំណោមក្មេងដែលមានអាយុស្របាលគ្នា និង ពេលខ្លះពួកគេស្ថិតនៅក្រោមសម្ពាធពីមិត្តភក្ដិដោយមិនអាចប្រកែកពីការបដិសេធបាន។ ដើម្បីចៀសវាងបញ្ហានេះ សូមបង្រៀនកូនៗរបស់អ្នកអំពីផលប៉ះពាល់ និងធើ្វជាគំរូល្អសម្រាប់ពួកគេ។ 

  • អាកប្បកិរិយាខឹងឆេវឆាវ (Aggression)

ក្មេងជំទង់អាចនឹងខឹងអ្នកញឹកញាប់ និងពេលខ្លះមិនមានហេតុផលដែលអាចយល់បាន។ សូមស្វែងយល់អោយច្បាស់ថាកំហឹង គឺជាអារម្មណ៍ធម្មតារបស់មនុស្ស ហើយវាជារឿងធម្មតាដែលកើតឡើងក្នុងចំណោមក្មេងវ័យជំទង់។ ប៉ុន្តែប្រសិនបើ ពួកគេមិនមានវិធីសាស្រ្តត្រឹមត្រូវដើម្បីគ្រប់គ្រងកំហឹងនោះទេ វាអាចបង្កឱ្យមានអំពើហិង្សាដែលអាចបង្កគ្រោះថ្នាក់ដល់ពួកគេ និងអ្នកដទៃ។

ដំណោះស្រាយ

ឪពុកម្តាយច្រើនតែមានប្រតិកម្មចំពោះការខឹង និងការស្រែករបស់ក្មេងជំទង់ដោយការស្រែកតបវិញ។ ប៉ុន្តែការធើ្វបែបនេះមិនទទួលបាននូវលទ្ធផលដែលអ្នកចង់បាននោះទេ។ ការស្រែក នឹងធើ្វអោយពួកគេខឹងឆេវឆាវកាន់តែខ្លាំងឡើងនៅពេលអ្នកព្យាយាមគ្រប់គ្រងពួកគេ។ 

វិធីដោះស្រាយតែមួយគត់ គឺស្ងប់ចិត្ត។ រកវិធីដើម្បីគ្រប់គ្រងកំហឹងរបស់អ្នក និងស្តាប់នូវអ្វីដែលពួកគេចង់និយាយ។ នៅពេលដែលពួកគេអស់រឿងដែលត្រូវនិយាយពួកគេនឹងស្ងប់ស្ងាត់។ សូមចងចាំថាអ្នកត្រូវចៀសវាងការឈ្លោះប្រកែកគ្នាតាមដែលអាចធ្វើទៅបានហើយ។ លើកទឹកចិត្តឱ្យពួកគេនិយាយជាមួយអ្នក នៅពេលពួកគេមានបញ្ហា និងចៀសវាងទុកបញ្ហាចោល។ បង្រៀនពួកគេនូវវិធីត្រឹមត្រូវដើម្បីគ្រប់គ្រងកំហឹងជាជាងជះកំហឹងទៅអ្នកដទៃ ឬប្រើអំពើហិង្សា។

  • និយាយកុហក ឬលាក់ការពិត

វាអាចជាការបំផ្លិចបំផ្លាញទឹកចិត្តសម្រាប់ឪពុកម្តាយដែលបានដឹងថាកូនរបស់ពួកគេបានកុហក ឬលាក់ការពិត។ ការពិតទាំងនេះ គឺអារម្មណ៍ឯករាជ្យថ្មីរបស់ក្មេងជំទង់ដែលពួកគេយល់ថាមិនចាំបាច់ត្រូវប្រាប់អ្នកគ្រប់យ៉ាងនោះទេ។ 

ដំណោះស្រាយ៖

ភាពស្មោះត្រង់ គឺជាចរិតមួយដែលអ្នកគួរលើកទឹកចិត្តសម្រាប់កូនៗរបស់អ្នកតាំងពីពួកគេនៅតូចៗ។ បង្រៀនពួកគេពីភាពស្មោះត្រង់ដោយអ្នកត្រូវធើ្វជាគំរូដល់ពួកគេ។ 

ជៀសវាងការស្តីបន្ទោសចំពោះកំហុសរបស់ពួកគេ កុមារនឹងភ័យខ្លាច និងមិនហ៊ានចែករំលែក បញ្ហារបស់គេ និងប្រាស្រ័យទាក់ទងជាមួយអ្នកនោះទេ។ បង្កើតទំនាក់ទំនងបើកចំហជាមួយកូនៗរបស់អ្នកដោយអនុញ្ញាតឱ្យពួកគេចែករំលែកអ្វីៗដែលពួកគេជួបប្រទះដោយមានអារម្មណ៍សុវត្ថិភាព។ នៅពេលពួកគេឃើញថាឪពុកម្តាយរបស់ពួកគេមានភាពស្មោះត្រង់ និងមានវិធីសាស្រ្តវិជ្ជមានក្នុងការណែនាំពីកំហុសរបស់ពួកគេ ពួកគេនឹងរៀនធ្វើដូចគ្នា។

  • ការមិនគោរពវិន័យ និងចចេសរឹងរូស

ពួកគេប្រហែលជាមិនចង់ធ្វើអ្វីដែលអ្នកប្រាប់ ហើយនិងព្យាយាមពីអាកប្បកិរិយាមិនសមរម្យ។ 

ដំណោះស្រាយ

ក្មេងជំទង់ ត្រូវការដែនកំណត់ដើម្បីជួយពួកគេក្នុងការគ្រប់គ្រងអាកប្បកិរិយា។ អ្នកអាចសាកល្បងដាក់ដែនកំណត់នៅក្នុងគ្រួសារ ធ្វើឱ្យមានផលវិបាកដល់ពួកគេ ប្រសិនបើ ពួកគេមិនគោរពច្បាប់ក្នុងគ្រួសារ និងអនុវត្តអោយបានទៀតទាត់។

ការធើ្វបែបនេះពួកគេនឹងដឹងថាអ្នកពិតជាប្រកាន់ខ្ជាប់នូវវិន័យក្នុងផ្ទះ ហើយធើ្វអោយមានប្រសិទ្ធភាព។

សូមចងចាំថា នៅពេលពួកគេកាន់តែឡើង វាជារឿងធម្មតាទេដែលពួកគេចង់បានឯករាជ្យបន្ថែមទៀត។ ពួកគេអាចនឹងមានគ្រួសារបែកចេញពីអ្នក ដួច្នេះអ្នកត្រូវបង្រៀនពួកគេអោយមានភាពឯករាជ្យ និងមានទំនួលខុសត្រូវចំពោះអាកប្បកិរិយារបស់គេ។ 

  • ទំនាក់ទំនងរបស់អ្នក និងកូនមិនមានច្រើនដូចពីមុន

កូនរបស់អ្នកមិននិយាយជាមួយអ្នកច្រើនដូចពីមុននោះទេ។ ប៉ុន្តែអ្នកអាចសាកត្រឡប់ទៅអតីតកាលរបស់អ្នកវិញ តើអ្នកបាននិយាយជាមួយឪពុកម្តាយរបស់អ្នកច្រើនដូចមុនកាលអ្នកស្ថិតក្នុងវ័យជំទង់ទេ? 

ខណៈពេលដែលអ្នកប្រហែលជាចង់ដឹងអំពីអ្វីគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតរបស់កូនអ្នក ប៉ុន្តែវាមិនជាការងាយស្រួលទេសម្រាប់ក្មេងជំទង់។

ដំណោះស្រាយ៖

ប្រសិនបើ អ្នកបង្ខំឱ្យពួកគេប្រាប់អ្នកគ្រប់យ៉ាង ពួកគេអាចនឹងប្រឌិតរឿងដើម្បីផ្គាប់ចិត្តអ្នកដែលមិនមែនជាអ្វីដែលអ្នកចង់បាន។ អ្នកត្រូវទទួលយកថា កូនរបស់អ្នកនឹងមិនប្រាប់អ្នកគ្រប់រឿងនោះទេ។ ទោះយ៉ាងណា ត្រូវអោយពួកគេដឹងថា ពួកគេត្រូវតែប្រាប់អ្នកអំពីព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតរបស់ពួកគេក្នុងនាមជាអ្នកអាណាព្យាបាល។

អ្នកត្រូវបញ្ជាក់កូនៗថា អ្នកចង់ដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់ពួកគេតែប៉ុណ្ណោះ ពីព្រោះអ្នកយកចិត្តទុកដាក់ចំពោះពួកគេ ហើយចង់ធ្វើឱ្យប្រាកដថាពួកគេសប្បាយរីករាយ។

  • ភាពមិនច្បាស់លាស់របស់ក្មេងជំទង់

ដោយសារតែពួកគេកំពុងស្ថិតក្នុងការផ្លាស់ប្តូររាងកាយ និងអារម្មណ៍។ ពួកគេអាចនឹងមានភាពច្របូកច្របល់ដូចជា ជ្រើសរើសស្លៀកបំពាក់ដែលខ្លួនស្រលាញ់ ចំណង់ចំណូលចិត្ត ការជ្រើសរើសមុខវិជ្ជា។ល។ ពួកគេហាក់ ដូចជាលំបាកក្នុងការជ្រើសរើស ។ 

ដំណោះស្រាយ

ជាពេលវេលាសមរម្យបំផុតដើម្បីណែនាំពួកគេពីជំនាញក្នុងការសម្រេចចិត្ត (decision-making skills) ។ បង្រៀនពួកគេពីវិធីផ្សេងៗគ្នាដែលត្រូវបានវាយតម្លៃ ឬវាស់វែងដើម្បីធ្វើការសំរេចចិត្តដ៏ត្រឹមត្រូវ និងបង្ហាញពួកគេថាអ្នកនៅទីនោះដើម្បីផ្តល់ការគាំទ្រជានិច្ច៕ 

ហេតុអ្វីត្រូវជ្រើសរើសយើង?

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ ចិត្តសាស្ត្រ ការត្រួតពិនិត្យការបណ្តុះបណ្តាល។​ យើងផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពតាមរយៈការអនុវត្តនិងការព្យាបាលផ្អែកលើភស្តុតាង ក្នុងតម្លៃសមរម្យ។ យើងវាយតម្លៃខ្ពស់និងគោរពអតិថិជនរបស់យើង។

ការរក្សាការសម្ងាត់គឺជា ចំណុចស្នូលនៃក្រមសីលធម៌របស់យើង។
សំនួរទៅកាន់អ្នកព្យាបាលរោគ

យើងជាក្រុមអ្នកសិក្សាពហុជំនាញដែលមានបទពិសោធន៍ច្រើន ក្នុងផ្នែកចិត្តវិទ្យា ការប្រឹក្សាយោបល់ / ការព្យាបាលដោយ

អត្ថបទទាក់ទង